វិបត្តិសុខភាពនៅតំបន់ហ្កាហ្សាស្រ្ទីប កាន់តែធ្ងន់ធ្ងរទៅ ដោយសារការដួលរលំទ្រង់ទ្រាយធំនៃប្រព័ន្ធវេជ្ជសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធ ។
នៅមន្ទីរពេទ្យ Al-Shifa ស្ថិតក្នុងទីក្រុងហ្កាហ្សា ផ្នែកថែទាំកុមារ គ្រូពេទ្យពិបាករកថ្នាំព្យាបាលក្មេងស្រីអាយុ ៨ខែ Sama Abu Ajwa ដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ ។
អ្នកស្រី Balqees Abu Ajwa ដែលជាម្តាយរបស់ក្មេងស្រី Sama និយាយថា សម្ភារៈសម្អាតតម្រងនោមកូនស្រីរបស់គាត់គ្មានទេនៅតំបន់ហ្កាហ្សា ហើយគាត់ក៏មិនអាចរកកន្លែងណាដែលអាចព្យាបាលកូនស្រីរបស់គាត់បាននោះដែរ ក្រៅពីនៅក្រៅតំបន់ហ្កាហ្សា ។
អ្នកស្រីថា ឧបករណ៍វេជ្ជសាស្រ្តដែលអាចជួយសង្រ្គោះអាយុជីវិតកូនស្រីរបស់គាត់ គ្មាននោះទេ ហើយស្ថានភាពរបស់នាងកាន់តែធ្ងន់ធ្ងរទៅពី ១ថ្ងៃទៅ ១ថ្ងៃ ។ ពួកយើងទទួលបានការជម្លៀសអ្នកជំងឺទៅជួបគ្រូពេទ្យបន្ទាន់នៅក្រៅតំបន់ហ្កាហ្សា ប៉ុន្តែពួកយើងនៅរង់ចាំ ហើយគាត់ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ថា គាត់អាចនឹងបាត់បង់កូនស្រី ។
ពេលពិនិត្យអ្នកជំងឺនៅផ្នែកកុមារ លោកវេជ្ជបណ្ឌិត Rifaat Jundiyaនិយាយថា ស្ថានភាពសុខភាពពិតជាពិបាកខ្លាំងណាស់ ពួកយើងខ្វះគ្រូពេទ្យជំនាញ ហើយសម្ភារៈចាំបាច់ ។
ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣រហូតមក អង្គការសុខភាពពិភពលោក(WHO) និងប្រទេសជាដៃគូ បានជម្លៀសអ្នកជំងឺមានស្ថានភាពសុខភាពធ្ងន់ធ្ងរជាង ១០.៦០០នាក់ ចេញពីតំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងកុមារជាង ៥.៦០០នាក់ ដែលត្រូវការការព្យាបាលបន្ទាន់ ។
អង្គការ WHO និយាយថា យោងតាមក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា អ្នកជំងឺ ១.០៩២នាក់ បានស្លាប់ អំឡុងពេលរង់ចាំការជម្លៀសវេជ្ជសាស្រ្តចន្លោះខែកក្កដា ឆ្នាំ ២០២៤ និងខែវិច្ឆិកា ឆ្នាំ ២០២៥ ។ ទោះបីជាយ៉ាងណាក៏ដោយ តួលេខខ្លះ ទំនងជាពុំត្រូវបានរាយការណ៍នោះទេ ៕