មន្ត្រីគោលនយោបាយការបរទេសជាន់ខ្ពស់របស់លោក Vladimir Putin បានបដិសេធការធ្វើវិសោធនកម្មចុងក្រោយបំផុតចំពោះផែនការសន្តិភាពដែលគាំទ្រដោយលោក Donald Trump ទោះទទួលស្គាល់ថារូបលោកមិនទាន់បានអានក៏ដោយ។

លោក Yuri Ushakov ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្រាងកំណែដើមនៃផែនការដែលត្រូវបានបដិសេធយ៉ាងទូលំទូលាយថាគាំទ្ររុស្ស៊ីខ្លាំងពេក ក៏បាននិយាយទម្លាក់ចុះការរំពឹងទុកនៃកិច្ចប្រជុំកំពូលត្រីភាគីរវាងសហរដ្ឋអាមេរិក ទីក្រុង មូស្គូ និង គីវ ផងដែរ។
លោក Yuri Ushakov បាននិយាយថា លោកប្រាកដថាសំណើដែល អឺរ៉ុប និងអ៊ុយក្រែន បានធ្វើ ឬកំពុងព្យាយាមធ្វើ ពិតជាមិនធ្វើឱ្យឯកសារប្រសើរឡើងទេ ហើយមិនធ្វើឱ្យលទ្ធភាពនៃការសម្រេចបានសន្តិភាពរយៈពេលវែង ប្រសើរឡើងទេ។
មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងរូបនេះបាននិយាយថា រូបលោកពុំបានមើលឃើញសំណើពិតប្រាកដនោះទេ ហើយការរិះគន់របស់លោកគឺ មិនមែនជាការព្យាករណ៍នោះទេ។
ការអត្ថាធិប្បាយរបស់លោកបានកើតឡើងបន្ទាប់ពីបេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff បាននិយាយថា លោកបានរៀបចំកិច្ចចរចា ប្រកបដោយផ្លែផ្កា និងស្ថាបនា នៅរដ្ឋ Florida កាលពីចុងសប្តាហ៍មុនជាមួយក្រុមអ្នកចរចាអ៊ុយក្រែន និងអឺរ៉ុប៕

