ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (២២ ធ្នូ) បានប្រកាសនូវគម្រោងសាងសង់នាវាចម្បាំងថ្មីជាច្រើនគ្រឿង ប្រភេទ "Trump-class" ដែលធំជាង លឿនជាង និង "មានអានុភាពខ្លាំងជាង ១០០ដង" លើសនាវាណាៗទាំងអស់ ក្នុងគោលបំណងពង្រឹងឥទ្ធិពលរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដោយចាប់ផ្តើមជាមួយនឹងនាវា ២គ្រឿងដំបូង ជាផ្នែកមួយនៃ «កងនាវាមាស» (Golden Fleet) ដែលនឹងត្រូវពង្រីកនៅពេលក្រោយទៀត។

លោក Trump បន្តថា នៅទីបំផុត គម្រោងនេះនឹងពង្រីកបន្ថែមដើម្បីរួមបញ្ចូលនាវាថ្មីចំនួន ២០ ទៅ ២៥គ្រឿងទៀត។ លោកក៏បាននិយាយថា បន្ថែមពីលើនាវាចម្បាំងប្រភេទថ្មីទាំងនោះ «កងនាវាមាស» ក៏នឹងមើលឃើញកំណើននៃចំនួននាវាចម្បាំងប្រភេទផ្សេង រួមទាំងនាវាចម្បាំងធុនតូចជាង និងរហ័សរហួនជាងនាវាដែលកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសពីមុន។
លោក John Phelan រដ្ឋមន្ត្រីកងទ័ពជើងទឹកសហរដ្ឋអាមេរិក និយាយថា ផែនការសាងសង់នាវាចម្បាំងនេះ នឹងនាំឱ្យមាន «នាវាធុនកាន់តែធ្ងន់ និងកម្លាំងបាញ់ប្រហារកាន់តែខ្លាំង ជាងនាវាណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ» ដោយបន្ថែមថា គ្រឿងបង្គុំនឹងត្រូវបានសាងសង់នៅគ្រប់រដ្ឋរបស់អាមេរិក។
លោក Phelan បានបន្ថែមថា នាវាចម្បាំងទាំងនេះនឹងមិនត្រឹមតែមាន «កាំភ្លើងធំៗបំផុត» ដែលមិនធ្លាប់មាននៅលើនាវាចម្បាំងអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងមានមីស៊ីលបាញ់ចេញពីសមុទ្រដែលមានផ្ទុកអាវុធនុយក្លេអ៊ែរផងដែរ។ នាវាចម្បាំងថ្មីដំបូងនឹងត្រូវបានដាក់ឈ្មោះថា "USS Defiant" ៕


