កំពង់ស្ពឺ៖ ឧត្តមអគានុរក្សថ្នាក់លេខ២ លោក ទិន សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់គ្រួសារវីរកងទ័ពសមរភូមិមុខ និងបងប្អូនជនភៀសសឹក ឱ្យបន្តភាពអត់ធ្មត់ ហើយជឿជាក់លើថ្នាក់ដឹកនាំមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារបូរណភាពទឹកដី ទប់ទល់នឹងអំពើ ឈ្លានពានដែនអធិបតេយ្យរបស់សៀម ដែលកំពុងមានភាពតានតឹង និងក្តៅគគុកនោះ ។
ការលើកទឹកចិត្តនេះ ធ្វើឡើងគ្រាដែលដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំទួលសាលា ជួបសំណេះសំណាល ប្រគល់សំលៀកបំពាក់ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដល់គ្រួសារកងទ័ពសមរភូមិមុខ និងជនភៀសសឹក ចំនួន៦០គ្រួសារ ស្ថិតនៅក្នុងឃុំទួលសាលា នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញ ។
ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ទិន សុវណ្ណនី បានបង្ហាញនូវការឈឺចាប់ និងសោកស្តាយ ដែលបានឃើញពលរដ្ឋត្រូវភៀសខ្លួន ចាកចេញពីផ្ទះសម្បែង បោះបង់ទីលំនៅ និងការងារបង្កបង្កើនផល ដោយសារតែការរំលោភបំពាន និងការឈ្លានពានពីប្រទេសសៀម ដែលស្ថានភាពនេះ បានធ្វើឱ្យជួបការលំបាកទាំងផ្នែកជីវភាព និងស្មារតី ប៉ុន្តែយ៉ាងណា សូមទឹកចិត្តឱ្យពលរដ្ឋទាំងអស់ ត្រូវបន្តខិតខំសាមគ្គីគ្នា ដូចចង្កឹះមួយបាច់ទើបសត្រូវមិនអាចកាច់បំបាក់បាន ។
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា បានបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ ពលរដ្ឋភៀសសឹកពិតជាមានការលំបាកខ្លាំង ប៉ុន្តែអ្វីដែលរឹតតែសង្វេគ និងគួរឱ្យអាណិតអាសូរបំផុតនោះ គឺវីរកងទ័ពដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ និងបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពាននៃទាហានសៀម ដោយពលរដ្ឋខ្មែរទាំងអស់ត្រូវខិតខំតស៊ូក្នុងគ្រាលំបាកនេះ ដើម្បីជាកម្លាំងចិត្តដល់វីរកងទ័ពទាំងអស់ ខណៈអ្នកនៅ ជួរក្រោយ ថ្វីត្បិតមិនអាចកាន់អាវុធតតាំង ជាមួយទាហានឈ្លានពាន តែអាចលះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ដើម្បីគាំទ្រវីរភាពដ៏អង់អាចរបស់វីរកងទ័ព និងប្រជាជនយើងដូចគ្នា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះខេត្តកំពង់ស្ពឺ ក៏ដូចជាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជារឿយៗ ក៏បានក្រើនរំឭកដល់ក្រុមការងារទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគិតគូដល់ការរស់នៅរបស់គ្រួសារវីរកងទ័ព និងជនភៀសសឹក ដែលបានបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ទៅរកទីសុវត្ថិភាព ដើម្បីគេចចេញពីការវាយប្រហាររបស់កងទ័ពសៀម ។ ក្នុងដំណាក់កាលនេះ ក្រុមការងារក៏ដូចជាអាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងខេត្ត ត្រូវធានាដល់ការរស់នៅ និងហូបចុកប្រចាំថ្ងៃ ដោយមិនមានការរើសអើង រហូតដល់សង្គ្រាមឈ្លានពានត្រូវបានបញ្ចប់ ។ ទន្ទឹមនោះចំពោះកុមារដែលបានភៀសសឹកអាជ្ញាធរ និងក្រុមការងារ ត្រូវផ្តល់លក្ខណៈងាយស្រួលដល់ពួកគេបានចូលរៀន នៅសាលាបណ្តោះអាសន្នផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ






