សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្ដេជ្ញាថា នឹងធ្វើឲ្យលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin សងសំណងរាល់ការខូចខាត ចំពោះសកម្មភាពឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន នៅក្នុងសុន្ទរកថាប្រចាំឆ្នាំលើកដំបូងរបស់លោក។

ជាការបន្ថែមពីលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រឆាំងនឹងប្រទេសរុស្ស៊ី លោក Biden បានប្រកាសថា សហរដ្ឋអាមេរិកកំពុងចូលរួមជាមួយប្រទេសកាណាដា និងសហភាពអឺរ៉ុបលើបម្រាមដែនអាកាសសម្រាប់រុស្ស៊ី ជាការសងសឹកទៅនឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា ក្រុមមេដឹកនាំធុរកិច្ចកំពូលៗមានទ្រព្យសម្បត្តិស្ដុកស្ដម្ភដែលជួយដល់លោក Putin នឹងត្រូវបានក្លាយជាគោលដៅ។
លោកថា ក្រសួងយុត្តិធម៌អាមេរិកកំពុងប្រមូលព័ត៌មាន បន្ទាប់ពីឧក្រិដ្ឋកម្មនៃការប្រព្រឹត្តិឡើងដោយក្រុមមេដឹកនាំធុរកិច្ចធំរបស់រុស្ស៊ី។

យើងកំពុងចូលរួមជាមួយសម្ព័ន្ធមិត្ត សហភាពអឺរ៉ុប ដើម្បីស្វែងរក និងចាប់នាវាកម្សាន្តរបស់ពួកគេ អឹផាតមិនប្រណីតៗ និងយន្តហោះឯកជនរបស់ពួកគេ។ លោកប្រធានាធិបតី Biden និយាយថា ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីកំពុងចូលជាធរមានហើយ។ យើងកំពុងកាត់ផ្ដាច់ធនាគារធំបំផុត និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិរបស់រុស្ស៊ី ជាការទប់ស្កាត់ធនាគារកណ្ដាលរបស់រុស្ស៊ីមិនឲ្យមានឱកាសការពារប្រាក់រូប្លិ៍រុស្ស៊ី ដែលធ្វើឲ្យមូលនិធិសង្គ្រាមរបស់លោក Putin ក្នុងទំហំទឹកប្រាក់ ៦៣០ពាន់លានដុល្លារអាមេរិកក្លាយជាឥតន័យ៕
អត្ថបទ៖ សុខមាន