រដ្ឋាភិបាលបារាំង ត្រៀមជំរុញសមាជិកសភាឱ្យអនុម័តច្បាប់បន្ទាន់ ដើម្បីបន្តដំណើរការរបស់រដ្ឋ រហូតដល់ខែមករា ឆ្នាំក្រោយ បន្ទាប់ពីក្រុមមន្រ្តីបរាជ័យក្នុងការព្រមព្រៀងគ្នាលើថវិកាជាតិឆ្នាំ២០២៦ នៅក្នុងកិច្ចប្រឹងប្រែងបង្កើតវិធានការបណ្តោះអាសន្នមួយដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល ខណៈសម្ពាធកើនឡើងខ្លាំងពីវិនិយោគិន និងទីភ្នាក់ងារវាយតម្លៃទំនុកចិត្តឥណទាន។

អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Maud Bregeon បាននិយាយកាលពីថ្ងៃចន្ទ (២២ ធ្នូ) ថា ច្បាប់ពិសេសនេះមានគោលបំណងផ្តល់ឱកាសចរចាចុងក្រោយ។ អ្នកនាំពាក្យរូបនេះបានដកស្រង់សម្តីលោកប្រធានាធិបតីបារាំង Emmanuel Macron ថា “ច្បាប់ពិសេសនេះមិនមែនជាថវិកាទេ... ដូចនេះ បារាំងត្រូវតែរៀបចំថវិកាជាតិឱ្យឆាប់តាមដែលអាចធ្វើទៅបាន ក្នុងខែមករា”។
សភាទំនងជាអនុម័តវិធានការនេះនៅថ្ងៃអង្គារ ទី២៣ ធ្នូ នេះ។ ក្រុមវិនិយោគិន និងទីភ្នាក់ងារវាយតម្លៃទំនុកចិត្តឥណទាន កំពុងតាមដាន និងត្រួតពិនិត្យយ៉ាងដិតដល់លើហិរញ្ញវត្ថុរបស់បារាំង ដោយប្រទេសនេះកំពុងដំណើរការឱនភាពថវិកាខ្ពស់បំផុត ក្នុងតំបន់ចាយប្រាក់អឺរ៉ូ។
គណៈកម្មាធិការរួមមួយមកពីសភាទាំងពីររបស់បារាំង បានបរាជ័យកាលពីថ្ងៃសុក្រសប្ដាហ៍មុន មិនអាចអនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៦ បានពេញលេញនោះទេ ដែលបង្ខំឱ្យលោកនាយករដ្ឋមន្ត្រីបារាំង Sebastien Lecornu ស្វះស្វែងចាត់វិធានការបណ្តោះអាសន្ននេះ ដើម្បីពង្រីកការចំណាយ ការប្រមូលពន្ធ និងដំណើរការផ្សេងទៀតរបស់រដ្ឋភិបាល ឱ្យនៅតែបន្តរហូតដល់ខែមករា ឆ្នាំ២០២៦៕

