អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ (២២ ធ្នូ) ថា សកម្មភាពរបស់លោកខាងលិច បានរុញច្រានស្ថិរភាពជាយុទ្ធសាស្ត្រឱ្យខិតជិតដល់ «មាត់ជ្រោះដ៏ជ្រៅបំផុត» ដោយព្រមានអំពីហានិភ័យនៃកំណើនភាពតានតឹងដែលមិនអាចគ្រប់គ្រងបាន និងជម្លោះប្រដាប់អាវុធដោយផ្ទាល់រវាងរុស្ស៊ី និងសម្ព័ន្ធយោធាណាតូ។

ថ្លែងក្នុងព្រឹត្តិការណ៍មួយ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា ជំហានជាបន្តបន្ទាប់ដែលធ្វើឡើងដោយបណ្ដាប្រទេសលោកខាងលិច នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ នេះ បានបង្កើនភាពតានតឹងយ៉ាងខ្លាំង ហើយប្រថុយនឹងហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។

លោកបានព្រមានថា ការប៉ះទង្គិចគ្នាបែបនេះនឹងមានន័យថា ជាជម្លោះយោធាតទល់គ្នារវាងមហាអំណាចនុយក្លេអ៊ែរ ដែលអាចមានផលវិបាកដ៏មហន្តរាយ។ យ៉ាងណាក៏ដោយ លោក Ryabkov បានបដិសេធជាថ្មីម្ដងទៀតនូវការអះអាង ដែលថា ទីក្រុងមូស្គូមានបំណងវាយប្រហារប្រទេសណាតូ ឬសហភាពអឺរ៉ុប។
មន្រ្តីជាន់ខ្ពស់រុស្ស៊ីរូបនេះក៏បានរិះគន់ខ្លាំងៗលើអ្វីដែលលោកហៅថា ភាពងប់ងុលនៅរដ្ឋធានីសហភាពអឺរ៉ុប ជាមួយនឹងគំនិតនៃការវាយប្រហារជិតមកដល់របស់រុស្ស៊ី ដោយអះអាងថា រដ្ឋអឺរ៉ុបមួយចំនួនកំពុងព្យាយាមយ៉ាងសកម្ម ដើម្បីរារាំងការផ្សះផ្សាគ្នារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក លើការដោះស្រាយជម្លោះនៅអ៊ុយក្រែន៕