យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា អ៊ីរ៉ង់ បានធ្វើសមយុទ្ធបាញ់មីស៊ីលនៅក្នុងទីក្រុងផ្សេងៗគ្នាកាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ ជាសមយុទ្ធលើកទីពីរដែលត្រូវបានរាយការណ៍ក្នុងរយៈពេលមួយខែ។

ប្រព័ន្ធផ្សព្វផ្សាយ NBC News បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានសង្ខេបជូនដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា ការពង្រីកកម្មវិធីមីស៊ីលបាលីស្ទីករបស់ប្រទេសអ៊ីរ៉ង់ បង្កការគំរាមកំហែងដែលអាចត្រូវការចំណាត់ការឲ្យបានឆាប់រហ័ស។

ប្រទេសមហាអំណាចលោកខាងលិច បានចាត់ទុកឃ្លាំងអាវុធមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ថាជាការគំរាមកំហែងយោធាចំពោះស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា និងជាយន្តការដឹកជញ្ជូនអាវុធនុយក្លេអ៊ែរដែលអាចកើតមាន ប្រសិនបើទីក្រុងតេអេរ៉ង់ផលិតវា។
បណ្តាញ Telegram របស់ប្រព័ន្ធផ្សាយរដ្ឋអ៊ីរ៉ង់ និង Nournews ពាក់កណ្តាលផ្លូវការ បានចេញផ្សាយវីដេអូនៃអ្វីដែលទំនងជាការបាញ់មីស៊ីលដោយពុំបានបញ្ជាក់ទីតាំងនោះទេ។ ទោះជាយ៉ាងណា សារព័ត៌មានទាំងនោះបាននិយាយថា ការបាញ់មីស៊ីលបានកើតឡើងពីរដ្ឋធានីតេអេរ៉ង់ និងទីក្រុង Isfahan និងទីក្រុង Mashhad។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានលើកឡើង «ប្រភពដែលត្រូវបានផ្តល់ព័ត៌មាន» ដោយបដិសេធថា មីស៊ីលត្រូវបានសាកល្បង និងបាននិយាយថា រូបភាពដែលបានផ្សព្វផ្សាយគឺជា «យន្តហោះរយៈកម្ពស់ខ្ពស់»។
ប្រព័ន្ធផ្សព្វផ្សាយNBC បានរាយការណ៍ថា មន្ត្រីអ៊ីស្រាអែលមានការព្រួយបារម្ភថា អ៊ីរ៉ង់កំពុងរៀបចំឡើងវិញនូវទីតាំងចម្រាញ់នុយក្លេអ៊ែរដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក កាលពីខែមិថុនា។