លោក To Lam ប្រធានគណបក្សកុម្មុយនិស្តវៀតណាម បានលើកឡើងថា បណ្ដាមន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនិស្ត បានបញ្ចប់កិច្ចប្រជុំមួយនៅថ្ងៃអង្គារ (២៣ ធ្នូ) នេះ ដែលបានសម្រេចចុងក្រោយលើជម្រើសថ្នាក់ដឹកនាំកំពូលបន្ទាប់របស់វៀតណាម ប៉ុន្តែពុំទាន់បានប្រកាសឈ្មោះជាផ្លូវការនៅឡើយទេ។

លោក Lam វ័យ ៦៨ឆ្នាំ ត្រូវបានគេមើលឃើញថា ជាបេក្ខជនឈានមុខគេក្នុងការរក្សាតំណែងដ៏មានឥទ្ធិពលបំផុតរបស់វៀតណាម ប៉ុន្តែការប្រកាសជាផ្លូវការ ត្រូវបានរំពឹងទុកនៅក្នុងសមាជបក្សរយៈពេល ៥ឆ្នាំម្តង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៩-២៥ ខែមករា ឆ្នាំក្រោយនេះ។

ក្នុងសុន្ទរកថាបិទកិច្ចប្រជុំពេញអង្គ លោក Lam បានលើកឡើងថា ក្រុមមន្ត្រីដែលបានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំពេញអង្គរបស់បក្ស នៅទីក្រុងហាណូយ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ សប្ដាហ៍នេះ «បានបោះឆ្នោតដោយមានការគាំទ្រកម្រិតខ្ពស់លើបុគ្គលដែលត្រូវបានតែងតាំង» សម្រាប់តំណែងសំខាន់ៗ។

គួរឱ្យដឹងថា ដំណើរការជ្រើសតាំងថ្នាក់ដឹកនាំថ្មីរបស់វៀតណាម ត្រូវបានរំពឹងទុកចាប់ពីដើមឆ្នាំ២០២៦ ដោយបេក្ខជនសំខាន់ៗនឹងត្រូវជ្រើសរើសដោយបក្ស ក្នុងកិច្ចប្រជុំមុនសមាជខែមករា។ បន្ទាប់មក ការបោះឆ្នោតសភានឹងធ្វើឡើងនៅខែមីនា ដល់ខែឧសភា ឆ្នាំដដែល ដោយសមាជិកសភានឹងត្រូវគាំទ្រជម្រើសរបស់គណបក្ស សម្រាប់តួនាទីកំពូលៗរបស់រដ្ឋ ដែលរួមមាន តំណែងប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានសភា រដ្ឋមន្ត្រី និងប្រធានធនាគារកណ្តាលវៀតណាមជាដើម៕