រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសុខភាពជាមួយប្រទេសអាហ្វ្រិកយ៉ាងហោចណាស់ចំនួន ៩ ដែលជាផ្នែកមួយនៃវិធីសាស្រ្តថ្មីរបស់ខ្លួនចំពោះការផ្តល់មូលនិធិសុខភាពសកល ដោយកិច្ចព្រមព្រៀងទាំងនេះ ឆ្លុះបញ្ចាំងពីផលប្រយោជន៍ និងអាទិភាពរបស់រដ្ឋបាលលោក ត្រាំ ហើយត្រូវបានតម្រង់ទិសទៅរកការផ្តល់ជំនួយតិចជាងមុន និងអត្ថប្រយោជន៍ទៅវិញទៅមកកាន់តែច្រើន។

រហូតមកដល់ពេលនេះ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយប្រទេសកេនយ៉ា នីហ្សេរីយ៉ា និងរ្វ៉ាន់ដា ក្នុងចំណោមប្រទេសដទៃទៀត គឺជាកិច្ចព្រមព្រៀងដំបូង ក្រោមក្របខ័ណ្ឌសុខភាពសកលថ្មី ដែលធ្វើឲ្យជំនួយពឹងផ្អែកលើការចរចារវាងប្រទេសទទួល និងសហរដ្ឋអាមេរិក។

ប្រទេសមួយចំនួនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ត្រូវបានរងផលប៉ះពាល់ដោយការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិក ឬមានកិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយរដ្ឋបាលរបស់លោក ត្រាំ ដើម្បីទទួលយក និងធ្វើជាម្ចាស់ផ្ទះដល់អ្នកដែលត្រូវបាននិរទេសពីប្រទេសទី ៣ ទោះបីជាមន្ត្រីបានបដិសេធទំនាក់ទំនងណាមួយក៏ដោយ។
រដ្ឋបាលលោក ត្រាំ និយាយថា កិច្ចព្រមព្រៀងផ្តល់មូលនិធិសុខភាពសកលថ្មី «អាមេរិកមុនគេ» មានន័យថា បង្កើនភាពគ្រប់គ្រាន់ដោយខ្លួនឯង និងលុបបំបាត់អ្វីដែលខ្លួននិយាយថា ជាមនោគមន៍វិជ្ជា និងការខ្ជះខ្ជាយពីជំនួយអន្តរជាតិ។ កិច្ចព្រមព្រៀងទាំងនេះជំនួសកិច្ចព្រមព្រៀងសុខភាពពីមុនៗ ក្រោមទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិកដែលត្រូវបានរុះរើ។
ការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យប្រព័ន្ធសុខាភិបាលនៅទូទាំងពិភពលោកដែលកំពុងអភិវឌ្ឍន៍ចុះខ្សោយ រួមទាំងនៅទ្វីបអាហ្វ្រិកផងដែរ ជាកន្លែងដែលប្រទេសជាច្រើនពឹងផ្អែកលើមូលនិធិសម្រាប់កម្មវិធីសំខាន់ៗ រាប់បញ្ចូលកម្មវិធីដែលឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺផងដែរ៕