អាជ្ញាធរសន្តិសុខស៊ីរីបាននិយាយថា មនុស្សជាច្រើននាក់ ត្រូវបានបាញ់ប្រហារ និងរងរបួស នៅក្នុងទីក្រុងអាឡេប៉ូភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ដែលបានបង្កឲ្យមានការបិទផ្លូវ និងបង្កើនវិធានការសន្តិសុខ ខណៈដែលគណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសទួរគី កំពុងនៅទីក្រុងដាម៉ាសសម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់។

អាជ្ញាធរបាននិយាយថា កងកម្លាំងដែលមានទំនាក់ទំនងជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានបើកការបាញ់ប្រហារលើចំណុចត្រួតពិនិត្យសន្តិសុខរួមគ្នា បន្ទាប់ពីការដកថយភ្លាមៗ ទោះបីជាបានឈានដល់កិច្ចព្រមព្រៀងពីមុនក៏ដោយ ដោយបានបន្ថែមថា ការវាយប្រហារនេះ បានបង្កឲ្យសមាជិកកងកម្លាំងសន្តិសុខផ្ទៃក្នុងម្នាក់ និងទាហានម្នាក់ បុគ្គលិកការពារជនស៊ីវិល និងជនស៊ីវិលជាច្រើននាក់ រង របួស។

កងកម្លាំងការពារជនស៊ីវិលស៊ីរី បាននិយាយថា សមាជិកពីរនាក់របស់ខ្លួន បានរងរបួស បន្ទាប់ពីរងការបាញ់ប្រហារ ខណៈពេលកំពុងបំពេញកាតព្វកិច្ច នៅជិតរង្វង់មូល al-Shihan ។ កងកម្លាំងនេះ បានបន្ថែមថា រថយន្តភីកអាប់ការពារជនស៊ីវិលដែលមានស្លាកសញ្ញាច្បាស់លាស់មួយគ្រឿង ដែលដឹកអ្នកជួយ សង្គ្រោះស្លៀកពាក់ឯកសណ្ឋានចំនួន ៤នាក់ ក៏ត្រូវបានវាយប្រហារដោយការបាញ់ប្រហារ នៅទីក្រុងអាឡេប៉ូផងដែរ។
នាយកដ្ឋានសុខាភិបាលទីក្រុងអាឡេប៉ូបានបញ្ជាក់ថា មនុស្ស ៤នាក់ ដែលរងរបួសនៅក្នុងការវាយប្រហារត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ប្រជាជនរាប់សិបគ្រួសារ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅក្នុងតំបន់ ដែលរងការបាញ់ប្រហារដោយកាំភ្លើងយន្តធុនធ្ងន់ និងការបាញ់ផ្លោងកាំភ្លើងត្បាល់៕