សារព័ត៌មាន New York Post បានសរសេរដោយស្រង់ប្រភពថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) នឹងកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតចំនួន ៤៨ រូបមកពីប្រទេសមួយចំនួន នៅអាស៊ី អាហ្វ្រិក និងអឺរ៉ុបខាងកើត ក៏ដូចជាអាមេរិកកណ្តាល និងខាងត្បូង។

កាសែតនេះបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសថា៖«នេះគឺជាដំណើរការស្តង់ដាមួយនៅក្នុងរដ្ឋបាលណាមួយ»។ «ឯកអគ្គរដ្ឋទូត គឺជាតំណាងផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី ហើយវាជាសិទ្ធិរបស់លោកប្រធានាធិបតីក្នុងការធានាថា លោកមានឯកអគ្គរដ្ឋទូតប្រចាំប្រទេសទាំងនេះ ដែលជំរុញរបៀបវារៈអាមេរិកមុនគេ»។

ក្នុងពេលជាមួយគ្នានេះ រដ្ឋបាលលោក ត្រាំ មិនទាន់បានតែងតាំងប្រធានបេសកកម្មការទូតនៅក្នុងប្រទេសដៃគូសំខាន់ៗរបស់ខ្លួន នៅឡើយទេ រួមទាំងអូស្ត្រាលី អាល្លឺម៉ង់ កាតា អារ៉ាប៊ីសាអ៊ូឌីត កូរ៉េខាងត្បូង និងអ៊ុយក្រែន។
នាពេលថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានសម្រេចចិត្តកោះហៅត្រឡប់មកវិញនូវអ្នកការទូតអាជីពមួយចំនួនពីមុខតំណែងឯកអគ្គរដ្ឋទូត និងមុខតំណែងជាន់ខ្ពស់ផ្សេងទៀតពីស្ថានទូតចំនួន ២៩ មកពីបេសកកម្មការទូតបរទេស។ ពួកគេត្រូវបានជូនដំណឹងថា អាណត្តិរបស់ពួកគេ ផុតកំណត់នៅខែមករា។ អ្នកដែលរងផលប៉ះពាល់នឹងមិនបាត់បង់ការងារផ្នែកការទូតរបស់ពួកគេទេ ប៉ុន្តែនឹងត្រូវត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ជាកន្លែងដែលពួកគេ នឹងទទួលបានការងារផ្សេងទៀត ប្រសិនបើពួកគេចង់ទទួលយក៕