ប្រទេសរុស្ស៊ី បានផ្តល់ «កិច្ចសហប្រតិបត្តិការពេញលេញ» និងការគាំទ្រដល់ប្រទេសវ៉េណេស៊ុយអេឡា ដើម្បីទប់ទល់នឹងបិទខ្ទប់ផ្លូវសមុទ្រ ដែលប្រកាសដោយប្រធានាធិបតីអាមេរិក លោក Donald Trump ខណៈដែលទីក្រុងការ៉ាកាស ស្វែងរកការបង្កើតសម្ព័ន្ធភាព ប្រឆាំងនឹងការកើនឡើងនូវកម្លាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោន។
ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទ កាលពីថ្ងៃចន្ទ (ទី២២ ខែធ្នូ) រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil និងសមភាគីរុស្ស៊ីរបស់លោក គឺលោក Sergey Lavrov បានពិភាក្សាគ្នា អំពី «អរិភាព» និង «ការរំលោភជាក់ស្ដែងលើច្បាប់អន្តរជាតិ» ដែលកំពុងកើតឡើងនៅក្នុងតំបន់ការ៉ាអ៊ីប។
យោងតាមសេចក្តីថ្លែងការណ៍ នៅលើកម្មវិធីផ្ញើសារ Telegram ពីលោក Gil បានឲ្យដឹងថា ទីក្រុងមូស្គូបានប្តេជ្ញាផ្តល់ការគាំទ្រទាំងស្រុង ចំពោះប្រទេសវ៉េណេស៊ុយអេឡា ជាពិសេសតាមរយៈសកម្មភាពការទូត នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។

លោកបាននិយាយថា៖ «រដ្ឋមន្ត្រីការបរទេស លោក Lavrov បានបង្ហាញយ៉ាងម៉ឺងម៉ាត់នូវសាមគ្គីភាពរបស់រុស្ស៊ីជាមួយប្រជាជនវ៉េណេស៊ុយអេឡា និងជាមួយលោកប្រធានាធិបតី Nicolas Maduro Moros ហើយបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់លោក នៅចំពោះមុខអរិភាព ដែលមានលើប្រទេសរបស់យើង»។
គួរបញ្ជាក់ថា ទីក្រុងមូស្គូបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ទាក់ទងនឹងវត្តមានកងទ័ពជើងទឹកអាមេរិក ដោយបញ្ជាក់ថា វិធានការរបស់ទីក្រុងវ៉ាស៊ីនតោន មាន «ផលវិបាកយ៉ាងធំធេង» ចំពោះស្ថិរភាព ក្នុងតំបន់ និងបង្កការគំរាមកំហែងដោយផ្ទាល់ដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រអន្តរជាតិ។
ការសម្របការទូតនេះ កើតឡើងបន្ទាប់ពីលោក Trump បានលើកឡើងពីការដាក់ពង្រាយ «កងទ័ពជើងទឹកដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នៅតំបន់អាមេរិកខាងត្បូង»។ បើបីទោះជាសេតវិមានកំពុងផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនក៏ដោយ ក៏ប្រតិបត្តិការនេះបាននាំឲ្យមានការរឹបអូសនាវាដឹកប្រេងចំនួន ២គ្រឿងរួចមកហើយ ដោយបច្ចុប្បន្នបុគ្គលិកយោធាអាមេរិក កំពុងព្យាយាមស្ទាក់ចាប់នាវាទី៣៕
