នៅពេលកូនៗរបស់លោកស្រី ដែលកំពុងភ័យញ័រចំប្រប់ សួរថា តើគ្រួសារអាចទៅណាបាន ដើម្បីគេចពីការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅតំបន់ Khan Yunis ភាគខាងត្បូងនៃដែនដីហ្កាហ្សា អ្នកស្រី Umm Ahmed បានត្រឹមតែនៅស្ងៀម ដោយមិនដឹងត្រូវឆ្លើយយ៉ាងម៉េច។
នៅក្នុងភូមិដ៏តូចមួយរបស់លោកស្រី ដែលរងការបំផ្លិចបំផ្លាញយ៉ាងដំណំ នៅជិតទីក្រុង Khan Yunis ការវាយប្រហាររបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់ទាំងស្រុងដល់អារម្មណ៍នៃសន្តិភាពដ៏ផុយស្រុយទទួលបានពីបទឈប់បាញ់ដែលបានភាគច្រើនមានប្រសិទ្ធភាព ចាប់តាំងពីថ្ងៃទី១០ ខែតុលាមក។

អ្នកស្រុកនិយាយថា ការវាយប្រហារបានកំណត់គោលដៅលើសង្កាត់ភាគខាងកើត ពោលគឺជាអ្វីដែលគេហៅថា បន្ទាត់លឿងគ្រប់គ្រងដោយអ៊ីស្រាអែល ជាការកំណត់ព្រំដែនដែលត្រូវបានបង្កើតឡើងក្រោមបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ រយៈពេលជាង ២ឆ្នាំបន្ទាប់ពីមានសង្គ្រាមដ៏បំផ្លិចបំផ្លាញ អ្នកស្រុកហ្កាហ្សានរាប់ម៉ឺននាក់ នៅតែរស់នៅក្នុងតង់ ឬផ្ទះសម្បែងដែលរងការខូចខាត នៅក្នុងតំបន់ទាំងនេះ ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល បន្តការគ្រប់គ្រង និងប្រតិបត្តិការប៉ុស្តិ៍ត្រួតពិនិត្យ។ ហើយឥឡូវនេះ មនុស្សជាច្រើន ភ័យបារម្ភថា នឹងត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេ ដោយបណ្ដេញឲ្យផ្លាស់ទៅភាគខាងលិចនៃបន្ទាត់លឿងនេះ។
អ្នកស្រី Umm Ahmed អាយុ ៤០ឆ្នាំ បាននិយាយថា៖ «យើងមិនដេកទេ នៅពេលយប់ ដោយសារតែការភ័យខ្លាច។ ការទម្លាក់គ្រាប់បែក នៅភាគខាងកើត មានបន្តឥតឈប់។ កូនៗរបស់ខ្ញុំភ័យញ័រចំប្រប់រាល់ពេលមានការផ្ទុះម្ដងៗ ហើយសួរខ្ញុំថា តើយើងអាចទៅណា? ហើយខ្ញុំមិនដឹងឆ្លើយយ៉ាងម៉េចទេ»។ ផ្ទះរបស់លោកស្រី នៅទីប្រជុំជន Bani Suheila ត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែក្រុមគ្រួសារបានស្នាក់នៅដោយបោះតង់ក្បែរគំនរបាក់បែកនោះ។ ហើយលោកស្រី Umm Ahmed បាននិយាយថា «ការនៅជិតផ្ទះដែលត្រូវបានបំផ្លាញនេះ គឺងាយស្រួលជាងការប្រឈមនឹងមនុស្សមិនស្គាល់មុខ»។
គួរបញ្ជាក់ថា បទឈប់បាញ់ដ៏ផុយស្រួយ បានកើតមានឡើងចាប់តាំងពីថ្ងៃទី១០ ខែតុលា តែភាគីទាំង២ តែងតែបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការរំលោភលើកិច្ចព្រមព្រៀងនេះ។ នៅក្រោមបទឈប់បាញ់នេះ កងកម្លាំងអ៊ីស្រាអែលបានដកថយទៅកាន់ទីតាំងភាគខាងកើតនៃខ្សែបន្ទាត់លឿងនេះ៕


