នាយករដ្ឋមន្ត្រីស៊ូដង់ កាលពីថ្ងៃចន្ទ (ទី២២ ខែធ្នូ) បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឈរលើ «ផ្នែកត្រឹមត្រូវ» ដោយគាំទ្រដល់ផែនការសន្តិភាព សម្រាប់ប្រទេសដែលត្រូវបានហែកហួរដោយសង្រ្គាម ដែលអំពាវនាវមានបទឈប់បាញ់ និងការត្រួតពិនិត្យជាសកល ចំពោះជម្លោះនេះ។
ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក កងទ័ពរបស់ស៊ូដង់ បានប្រយុទ្ធជាមួយកងកម្លាំងយោធាប៉ារ៉ា គឺកងកម្លាំងគាំទ្ររហ័ស (RSF) ដែលគ្រប់គ្រងភាគខាងលិច និងផ្នែកខ្លះនៃភាគខាងត្បូង ជាសង្គ្រាមដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ ហើយរាប់លាននាក់ត្រូវភៀសសឹក។

នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុង New York សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីស៊ូដង់ លោក Kamil Idris បាននិយាយថា៖ «យើងត្រូវតែប្រកាសបទឈប់បាញ់គ្រប់ជ្រុងជ្រោយមួយ ក្រោមការត្រួតពិនិត្យរួមគ្នា ដោយ UN សហភាពអាហ្រ្វិក និងសម្ព័ន្ធរដ្ឋអារ៉ាប់ ស្របជាមួយនឹងការដកកងជីវពលឧទ្ទាមចេញពីគ្រប់តំបន់ដែលខ្លួនកាន់កាប់»។
លោក Idris បានសន្យាថា នឹងរៀបចំការបោះឆ្នោតដោយសេរី បន្ទាប់ពីមានរយៈពេលអន្តរកាលមួយ ដើម្បីអនុញ្ញាតឲ្យមាន «ការសន្ទនាអន្តរស៊ូដង់»។ តែយ៉ាងណាក្ដី បើយោងតាមអ្នកនាំពាក្យ UN បានឲ្យដឹងថា នាយករដ្ឋមន្ត្រីស៊ូដង់ មិនបានជួបជាមួយអគ្គលេខាធិការ UN លោក Antonio Guterres នោះទេ។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងឆន្ទៈក្នុងការជួយបញ្ចប់ជម្លោះ ប៉ុន្តែកិច្ចពិភាក្សាដឹកនាំដោយសហរដ្ឋអាមេរិក និងអ្នកសម្របសម្រួលផ្សេងទៀត ជាអ្វីដែលគេហៅថា «Quad» ដែលមានអេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម នៅតែស្ថិតក្នុងភាពជាប់គាំងដដែល៕


