យោធាអ៊ុយក្រែន និយាយថា រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសទាំងព្រឹកព្រលឹមលើទីក្រុងគីវ នៅថ្ងៃអង្គារ (២៣ ធ្នូ) នេះ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការចរចាសន្តិភាព ដឹកនាំដោយសហរដ្ឋអាមេរិក នៅទីក្រុងម៉ៃអាមី បានបញ្ចប់។ សារព័ត៌មានក្នុងស្រុករបស់អ៊ុយក្រែន រាយការណ៍ថា កងកម្លាំងរុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំដោយប្រើមីស៊ីល និងយានដ្រូនលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដោយផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធថាមពល។
ទូរទស្សន៍រដ្ឋ Suspilne រាយការណ៍ថា ស្នូរផ្ទុះបានលាន់ឮនៅទីក្រុង Rivne ភាគខាងលិច ក្នុងសហគមន៍ Burshtyn និង Rohatyn ដែលភូមិទាំងពីរនេះមានទីតាំងនៅតំបន់ Ivano-Frankivsk ក៏ដូចជានៅជាយក្រុង Cherkasy ផងដែរ។

ប្រព័ន្ធប្រកាសអាសន្ននៃការវាយឆ្មក់តាមអាកាស ត្រូវបានបើកឱ្យសកម្មនៅស្ទើរតែគ្រប់តំបន់ទាំងអស់នៃប្រទេស ខណៈកងទ័ពអាកាសអ៊ុយក្រែន បានព្រមានពីការវាយប្រហារដោយយានដ្រូនរាប់រយគ្រឿង និងមីស៊ីលរុស្ស៊ីរាប់សិបគ្រាប់។ រដ្ឋបាលយោធាគីវ បាននិយាយលើកម្មវិធីតេលេក្រាមថា “កងកម្លាំងការពារដែនអាកាសកំពុងធ្វើការដើម្បីលុបបំបាត់ការគំរាមកំហែងនៅលើផ្ទៃមេឃនៃរដ្ឋធានី” ដោយជំរុញឱ្យប្រជាជនស្នាក់នៅក្នុងទីជម្រកដើម្បីសុវត្ថិភាព។
ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំថ្មីនេះ កើតឡើងបន្ទាប់ពីកិច្ចពិភាក្សាសន្តិភាព ទើបតែបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅ នៅទីក្រុងម៉ៃអាមី ដោយមើលឃើញក្រុមមន្ត្រីអាមេរិក ជាមួយគណៈប្រតិភូអ៊ុយក្រែន និងអឺរ៉ុប ជួបជុំគ្នា រួមជាមួយនឹងការប្រាស្រ័យទាក់ទងដាច់ដោយឡែកជាមួយតំណាងរុស្ស៊ីផងដែរ ខណៈទីក្រុងវ៉ាស៊ីនតោន ប្រឹងប្រែងបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន៕
