យោងតាមទិន្នន័យតាមដានជើងហោះហើរ និងប្រភពពីក្រុមមន្ត្រីអាមេរិបានឱ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការហោះហើរប្រមូលព័ត៌មានចារកម្មសម្ងាត់ ពីលើតំបន់ធំៗនៃប្រទេសនីហ្សេរីយ៉ា ចាប់តាំងពីចុងខែវិច្ឆិកា មក ដែលជាសញ្ញានៃកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែកើនឡើងរវាងប្រទេសទាំងពីរ ប៉ុន្តែបានកើតឡើងបន្ទាប់ពីភាពតានតឹងមួយរយៈជាមួយទីក្រុងវ៉ាស៊ីនតោន។

ការហោះហើរនៅអាហ្វ្រិកខាងលិចទាំងនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានគំរាមកំហែងកាលពីខែវិច្ឆិកាថា នឹងធ្វើអន្តរាគមន៍យោធានៅនីហ្សេរីយ៉ា ជុំវិញអ្វីដែលលោកនិយាយថា ជាបរាជ័យរបស់ប្រទេសនេះក្នុងការបញ្ឈប់អំពើហិង្សា ដែលកំណត់គោលដៅលើសហគមន៍គ្រិស្តសាសនិក។
ទិន្នន័យតាមដានសម្រាប់ខែធ្នូបង្ហាញថា យន្តហោះដែលដំណើរការដោយក្រុមហ៊ុនម៉ៅការរបស់សហរដ្ឋអាមេរិក ដែលប្រើសម្រាប់ប្រតិបត្តិការស៊ើបការណ៍សម្ងាត់ ជាធម្មតាហោះចេញពីប្រទេសហ្គាណា ហើយហោះហើរពីលើប្រទេសនីហ្សេរីយ៉ា មុនពេលត្រឡប់ទៅរដ្ឋធានីហ្គាណាវិញ ដែលជាមជ្ឈមណ្ឌលសម្រាប់បណ្តាញភស្តុភារកម្មរបស់យោធាអាមេរិក នៅទ្វីបអាហ្វ្រិក។
ប្រភពពីមន្រ្តីអាមេរិក បានឱ្យដឹងថា យន្តហោះទាំងនោះស្ថិតក្នុងចំណោមទ្រព្យសម្បត្តិយោធាជាច្រើនដែលរដ្ឋបាលលោក Trump បានផ្លាស់ទៅកាន់ប្រទេសហ្គាណា កាលពីខែវិច្ឆិកា។ គេមិនច្បាស់ទេថា តើមានយន្តហោះអាមេរិកប៉ុន្មានគ្រឿងនៅក្នុងប្រទេសហ្គាណា ប៉ុន្តែប្រភពនិយាយថា បេសកកម្មទាំងនោះរួមមានការប្រមូលព័ត៌មានសម្ងាត់លើក្រុមសកម្មប្រយុទ្ធដែលកំពុងប្រតិបត្តិការក្នុងទឹកដីនីហ្សេរីយ៉ា៕

