ប្រធានអ្នកចរចារបស់ឥណ្ឌូនេស៊ី បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាលើបញ្ហាសំខាន់ៗទាំងអស់រួចរាល់ហើយ សម្រាប់កិច្ចព្រមព្រៀងពន្ធគយ ដែលបើកផ្លូវសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការមួយ ដោយលោកប្រធានាធិបតី Prabowo Subianto និងសមភាគីអាមេរិក លោក Donald Trump នៅចុងខែមករា ឆ្នាំក្រោយនេះ។
ថ្លែងពីទីក្រុងវ៉ាស៊ីនតោន នៅយប់ថ្ងៃចន្ទ បន្ទាប់ពីបានជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក រដ្ឋមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី លោក Airlangga Hartarto បាននិយាយថា សហរដ្ឋអាមេរិកចង់បានសិទ្ធិចូលប្រើប្រាស់រ៉ែសំខាន់ៗរបស់ឥណ្ឌូនេស៊ី ហើយបានយល់ព្រមផ្តល់ការលើកលែងពន្ធលើប្រេងដូង តែ និងកាហ្វេ ដែលជាផលិតផលដ៏សំខាន់របស់ខ្លួន។

ឥណ្ឌូនេស៊ី គឺជាប្រទេសនាំចេញប្រេងដូងធំជាងគេបំផុតរបស់ពិភពលោក ហើយក៏ជាប្រទេសផ្គត់ផ្គង់គ្រាប់កាហ្វេដ៏សំខាន់មួយលើពិភពលោកផងដែរ។ កិច្ចចរចារវាងប្រទេសទាំងពីរហាក់ដូចជាជួបហានិភ័យនៃការដួលរលំ កាលពីដើមខែនេះ បន្ទាប់ពីអាមេរិក ចោទឥណ្ឌូនេស៊ី ថាបានដើរថយក្រោយលើការប្តេជ្ញាចិត្តពីមុនរបស់ខ្លួន ប៉ុន្តែទីក្រុងហ្សាការតា បាននិយាយ គ្រប់យ៉ាងគឺធម្មតានោះទេ។
ឥឡូវនេះ ក្រុមមន្ត្រីមកពីភាគីទាំងពីរកំពុងស្វះស្វែងរៀបចំកិច្ចប្រជុំកំពូលរវាងលោក Prabowo និងលោក Trump នៅចុងខែមករា ខាងមុខនេះ ជាទីដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្លូវការមួយ អាចត្រូវបានចុះហត្ថលេខា។ សេចក្ដីលម្អិតមិនទាន់មាននោះទេ ប៉ុន្តែលោក Airlangga បាននិយាយថា ពុំមានបទប្បញ្ញត្តិណាមួយនៅក្នុងកិច្ចព្រមព្រៀងនោះ ដែលនឹងរឹតត្បិតឥណ្ឌូនេស៊ី មិនឱ្យធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសដទៃទៀតនោះទេ៕
