ក្រុមហ៊ុនឱសថដ៏ធំរបស់ប្រទេសដាណឺម៉ាក Novo Nordisk បានប្រកាសកាលពីថ្ងៃចន្ទ (ទី២២ ខែធ្នូ) ថា រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានអនុម័តឲ្យប្រើថ្នាំប្រឆាំងភាពធាត់ដ៏ពេញនិយមរបស់ខ្លួន គឺ GLP-1 Wegovy ដែលអាចលេបជាថ្នាំគ្រាប់ សម្រាប់ការសម្រកទម្ងន់។

ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Novo Nordisk លោក Mike Doustdar បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយមានការអនុម័តនៅថ្ងៃនេះ ចំពោះគ្រាប់ថ្នាំ Wegovy អ្នកជំងឺនឹងមានថ្នាំគ្រាប់ងាយស្រួលប្រើប្រចាំថ្ងៃ ដែលអាចជួយឲ្យពួកគេសម្រកទម្ងន់បានច្រើន ដូចការចាក់ថ្នាំ Wegovy ដើមដែរ»។
FDA បានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមរួចហើយ ប៉ុន្តែការវិវត្តថ្មីនេះ ឥឡូវនេះអនុញ្ញាតឲ្យគ្រូពេទ្យចេញវេជ្ជបញ្ជាការព្យាបាល សម្រាប់ការសម្រកទម្ងន់។
គួរបញ្ជាក់ថា ជំនាន់ថ្មីនៃថ្នាំគ្រាប់បំបាត់ចំណង់អាហារដោយប្រើ GLP-1 ដែលរួមមានម៉ាក Ozempic, Wegovy និង Mounjaro បានទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែសមត្ថភាពរបស់ថ្នាំទាំងនោះ ក្នុងការជួយមនុស្សសម្រកទម្ងន់៕
