កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគឺ លោកស្រី Kim Yo Jong បានរិះគន់សមយុទ្ធយោធាដែលកំពុងបន្តនៅប្រទេសកូរ៉េខាងត្បូង និងបានព្រមានរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ទល់នឹងការបង្កជម្លោះប្រសិនបើខ្លួនចង់បានសន្តិភាព។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង មួយថ្ងៃមុនពេលដែលប្រមុខការទូត និងរដ្ឋមន្ត្រីការពារជាតិអាមេរិកគ្រោងនឹងទៅដល់ទីក្រុងសេអ៊ូល សម្រាប់កិច្ចពិភាក្សាលើកដំបូងជាមួយសមភាគីកូរ៉េខាងត្បូង។ លោកស្រី Kim បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា យើងឆ្លៀតយកឱកាសនេះដើម្បីព្រមានរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដែលកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការបាចពង្រាយក្លិនម្សៅ នៅក្នុងទឹកដីរបស់យើង។ ប្រសិនបើខ្លួនចង់រស់នៅក្នុងសន្តិភាពរយៈពេល ៤ឆ្នាំខាងមុខ ខ្លួនគួរតែចៀសវាងការបង្កឲ្យមានក្លិនស្អុយ នៅជំហានដំបូងរបស់ខ្លួន។
សេតវិមានបាននិយាយកាលពីថ្ងៃច័ន្ទថា កូរ៉េខាងជើងបានបដិសេធការទទូចរបស់សហរដ្ឋអាមេរិកឲ្យចូលរួមការសន្ទនា ខណៈដែលភាពប្រេះស្រាំនៅក្នុងទំនាក់ទំនង ដែលបានចាប់ផ្ដើមនៅក្នុងរដ្ឋបាលប្រធានាធិបតី Donald Trump បន្តមកដល់ប្រធានាធិបតីរបស់លោក Joe Biden៕
អត្ថបទ៖ សុខមាន