នៅថ្ងៃអង្គារ (ទី២៣ ខែធ្នូ) នេះ រដ្ឋមន្ត្រីការបរទេស លោក Subrahmanyam Jaishankar បាននិយាយអំឡុងដំណើរទស្សនកិច្ចនៅស្រីលង្កាថា ប្រទេសឥណ្ឌាបានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ៤៥០លានដុល្លារ ដើម្បីជួយប្រទេសនេះឲ្យងើបឡើងវិញពីការខូចខាតដ៏អាក្រក់បំផុតដែលបណ្តាលមកពីព្យុះស៊ីក្លូន Ditwah។
យោងតាមធនាគារពិភពលោកបានឲ្យដឹងថា ព្យុះស៊ីក្លូនបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ជាង ៦៤០នាក់បាត់បង់ជីវិត នៅពេលដែលវាបានបោកបក់យ៉ាងឆាប់រហ័សទូទាំងតំបន់ជាច្រើនរបស់ប្រទេសកោះអាស៊ីខាងត្បូងមួយនេះ កាលពីខែមុន ដោយបង្កឲ្យមានទឹកជំនន់ និងបំណាក់ដី ដែលបានធ្វើឲ្យខូចខាតជាទឹកប្រាក់ប្រហែល ៤ពាន់លានដុល្លារអាមេរិក ឬ ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ស្រីលង្កា។

ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayake បានពណ៌នាអំពីព្យុះនេះ ដែលបានប៉ះពាល់ដល់មនុស្សជាង ២លាននាក់ថា ជាគ្រោះមហន្តរាយធម្មជាតិផ្ដល់ភាពលំបាកបំផុត ក្នុងប្រវត្តិសាស្ត្ររបស់កោះនេះ។
លោក Jaishankar ដែលកំពុងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ បានប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុង Colombo ថា លោកបានប្រគល់លិខិតពីនាយករដ្ឋមន្ត្រី លោក Narendra Modi ទៅលោក Dissanayake ដោយប្តេជ្ញាថា នឹងផ្តល់កញ្ចប់ថវិកាស្ដារឡើងវិញចំនួន ៤៥០លានដុល្លារ៕


