រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Hassan al-Shibani និងសមភាគីទួរគី លោក Hakan Fidan បានជួបគ្នា នៅទីក្រុងដាម៉ាស កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការវិលត្រឡប់របស់ជនភៀសខ្លួន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ស៊ីរី Al-Ikhbariya TV។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក al-Shibani បាននិយាយថា ពួកគេបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម វិធានការដើម្បីទប់ស្កាត់ការលេចចេញជាថ្មីរបស់ក្រុមរដ្ឋអ៊ីស្លាម (IS) និងការអភិវឌ្ឍចក្ខុវិស័យរួមសម្រាប់ភាគឦសានស៊ីរី។

លោកបាននិយាយថា កិច្ចព្រមព្រៀងខែមីនា ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដើម្បីរួមបញ្ចូលភាគឦសានទៅជាស៊ីរីរួបរួម ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសនេះ ក្នុងការពន្លឿនការធ្វើសមាហរណកម្ម និងបង្រួបបង្រួមទឹកដីរបស់ខ្លួន «តាមរបៀបស៊ីវិល័យ»។ លោកបានសង្កត់ធ្ងន់ថា ការពន្យារពេលណាមួយក្នុងការអនុវត្តកិច្ចព្រមព្រៀង និងការរួមបញ្ចូលកងកម្លាំង SDF ដែលដឹកនាំដោយជនជាតិឃើដ នឹងអយុត្តិធម៌ចំពោះតំបន់ និងប្រជាជនរបស់ ខ្លួន។
លោកបានបន្ថែមថា ការគំរាមកំហែងដល់ស្ថិរភាពរបស់ស៊ីរី ក៏ធ្វើឲ្យសន្តិសុខរបស់ប្រទេសទួរគីមានគ្រោះថ្នាក់ផងដែរ ដោយបានគូសបញ្ជាក់ពីផលប្រយោជន៍សន្តិសុខដែលមានទំនាក់ទំនងគ្នាទៅវិញទៅមករបស់ប្រទេសជិតខាងទាំងពីរ។ លោក Al-Shibani ក៏បាននិយាយផងដែរថា តំបន់ Jazira គឺជាផ្នែកសំខាន់មួយរបស់ប្រទេសស៊ីរី ហើយត្រូវតែធ្វើសមាហរណកម្មយ៉ាងពេញលេញទៅជារដ្ឋឯកភាពមួយ។
ចំណែកលោក Fidan បាននិយាយថា ថ្នាក់ដឹកនាំបច្ចុប្បន្នរបស់ប្រទេសស៊ីរីបានស្នើឡើងនូវគំរូអភិបាលកិច្ចដែលរួមចំណែកដល់ស្ថិរភាពក្នុងតំបន់៕
