នគរបាលខេត្ត បានប្រាប់ឲ្យដឹងថា នគរបាលប៉ាគីស្ថាន ៥នាក់ ត្រូវបានបានស្លាប់ នៅថ្ងៃអង្គារ (ទី២៣ ខែធ្នូ) នេះ នៅពេលដែលរថយន្តរបស់ពួកគេ ត្រូវបានលួចវាយប្រហារភ្លាមៗ ដោយការបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារ នៅភាគពាយព្យរបស់ប្រទេស ខណៈដែលប៉ាគីស្ថានកំពុងតស៊ូជាមួយនឹងការកើនឡើងនូវអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធ។
នគរបាលខេត្ត បានបញ្ជាក់ថា រថយន្តនេះត្រូវបានកំណត់គោលដៅដំបូងដោយគ្រឿងផ្ទុះកែច្នៃ មុនពេលអ្នកវាយប្រហារបានបើកការបាញ់ប្រហារ រហូតបណ្ដាលឲ្យមន្ត្រី ៤នាក់ និងអ្នកបើកបរម្នាក់ស្លាប់។ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះនៅឡើយឡើយ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានថ្កោលទោសការវាយប្រហារនេះ។ លោក Sharif បាននិយាយថា «នគរបាលតែងតែដើរតួនាទីនៅខ្សែបន្ទាត់ជួរមុខ អំឡុងប្រតិបត្តិការធ្វើសង្គ្រាមប្រឆាំងភេរវកម្ម»។

ការវាយប្រហារ នៅក្នុងតំបន់ Karak របស់ខេត្ត Khyber Pakhtunkhwa ជាតំបន់ដែលភាគច្រើនមិនរងការវាយប្រហារពីសំណាក់ពួកសកម្មប្រយុទ្ធនោះ បានកើតឡើងនៅពេលដែលទំនាក់ទំនង រវាងប៉ាគីស្ថាន និងប្រទេសជិតខាងអាហ្វហ្គានីស្ថាន បានដួលរលំ បន្ទាប់ពីមានការកើនឡើងនូវអំពើហិង្សា។
ប្រទេសទាំង២ បានជួបការលំបាក ក្នុងការបន្តរក្សាបទឈប់បាញ់ បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅតាមព្រំដែនដ៏អាក្រក់បំផុតរបស់ភាគីទាំង២ ចាប់តាំងពីក្រុមតាលីបង់ បានឡើងកាន់អំណាចក្នុងខែតុលា ដោយទីក្រុងអ៊ីស្លាម៉ាបាដ បានដាក់ការទទួលខុសត្រូវ ចំពោះការកើនឡើងនូវអំពើហិង្សារបស់ពួកសកម្មប្រយុទ្ធ ទៅលើក្រុមដែលប្រើប្រាស់ដែនដីអាហ្វហ្គានីស្ថាន ដើម្បីរៀបចំការវាយប្រហាររបស់ពួកគេ។ ទីក្រុងកាប៊ុលបដិសេធការចោទប្រកាន់ទាំងនេះ ដោយនិយាយថា សន្តិសុខប៉ាគីស្ថាន គឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសនេះ៕
