ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់របស់សារព័ត៌មាន NBCដែលថា មាន «ភាពចម្រោងចម្រាសជាយូរមកហើយ» រវាងប្រមុខការទូតអាមេរិក លោក Marco Rubio និងបេសកជនពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff ទាក់ទងនឹងការចរចា ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។

អ្នកនាំពាក្យរងក្រសួងការបរទេស លោក Tommy Pigott បានសរសេរនៅលើទំព័រ X របស់ខ្លួនថា៖ «ព័ត៌មានក្លែងក្លាយរបស់សារព័ត៌មាន NBC ពឹងផ្អែកលើប្រភពអនាមិកដែលគ្មានចំណេះដឹង ដើម្បីផ្សព្វផ្សាយការកុហកអំពីក្រុមរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ លោករដ្ឋមន្តី្រ Marco Rubio ចាត់ទុកលោកបេសកជនពិសេស Steve Witkoff ជាមិត្ត និងជាអ្នកស្នេហាជាតិ»។
ផ្ទុយទៅវិញ អ្នកនាំពាក្យរងរបស់សេតវិមាន លោកស្រី Anna Kelly ក៏បានចង្អុលបង្ហាញផងដែរថា ព័ត៌មានដែលផ្សព្វផ្សាយដោយកាសែត NBC News គឺគ្មានមូលដ្ឋានទេ ពីព្រោះទាំងលោក Rubio និងលោក Witkoff ធ្វើការរួមគ្នា ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន។
លោកស្រី បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួនថា៖«នេះគឺជាការងារដែលធ្វើមិនបានល្អដោយផ្អែកលើប្រភពអនាមិកដែលមិនដឹងថា ពួកគេកំពុងនិយាយអំពីអ្វីនោះទេ។ លោកបេសកជនពិសេសប្រធានាធិបតីអាមេរិក Steve Witkoff និង លោករដ្ឋមន្ត្រីការបរទេស Marco Rubio ធ្វើការស្របគ្នាទាំងស្រុងលើអ្វីៗគ្រប់យ៉ាង រួមទាំងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបង្ហាញថា ហេតុអ្វីបានជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះសារព័ត៌មាន NBC Newsនេះទេ»៕
