ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បានប្រកាសកាលពីថ្ងៃចន្ទថា សភាបានអនុម័តច្បាប់ដែលមានបំណងការពារពាណិជ្ជកម្មសមុទ្ររបស់ប្រទេសមួយនេះ ជាការឆ្លើយតបចំពោះការរឹបអូសនាវាដឹកប្រេងពីសំណាក់សហរដ្ឋអាមេរិក ។
ថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកនៅពិព័រណ៍ពាណិជ្ជកម្មកាលពីថ្ងៃចន្ទ លោក Maduro និយាយថា “ច្បាប់ធានាការធ្វើនាវាចរណ៍ដោយសេរី និងការធ្វើពាណិជ្ជកម្មប្រឆាំងនឹងចោរសមុទ្រក្នុងសមុទ្រពិភពលោក” បានអនុម័តកិច្ចពិភាក្សាលើកដំបូងនៅក្នុងសភា ហើយទំនងជាក្លាយជាច្បាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ។

លោកថា នៅថ្ងៃនេះ ពួកយើងបានអនុម័តនូវកិច្ចពិភាក្សាលើកដំបូង ហើយប្រាកដណាស់ថា នៅថ្ងៃស្អែក នឹងត្រូវអនុម័តជាច្បាប់សាធារណៈពិសេស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសកលដែលហាមប្រាមការវាយប្រហារនាវា ចោរសមុទ្រ និងឧក្រិដ្ឋកម្មទាំងអស់ប្រឆាំងពាណិជ្ជកម្មអន្តរជាតិ ។ លោកបានចាត់ទុកវាថាជាច្បាប់មានអំណាចអស្ចារ្យមួយ ។
ច្បាប់ដែលរួមទាំងទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ សម្រាប់អ្នកគាំទ្រសកម្មភាពដែលទីក្រុង Caracas ចាត់ទុកថាជាចារសមុទ្រ បានកើតមាន ជាការឆ្លើយតបដោយផ្ទាល់ចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកលើនាវាដឹកប្រេងវេណេស៊ុយអេឡារងទណ្ឌកម្ម ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសបិទមិនឲ្យនាវាដឹកប្រេងរងទណ្ឌកម្មចេញ-ចូលវេណេស៊ុយអេឡា ។
ឆ្មាំល្បាតឆ្នេរអាមេរិក បានតាមចាប់នាវាដឹកប្រេងមួយគ្រឿងនៅដែនទឹកអន្តរជាតិជិតវេណេស៊ុយអេឡាកាលពីថ្ងៃអាទិត្យ ធ្វើឲ្យវាក្លាយជាប្រតិបត្តិការចាប់នាវាដឹកប្រេងលើកទី ៣ ក្នុងរយៈពេលតិចជាង ២សប្តាហ៍ ៕
