នៅថ្ងៃអង្គារនេះ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានចាក់ផ្សាយរូបភាពវីដេអូឃ្លីបរបស់លោកមេដឹកនាំ Kim Jong Un បានចូលរួមពិធីបើកឲ្យប្រើប្រាស់សណ្ឋាគារជាច្រើនកន្លែងនៅតំបន់ទេសចរណ៍ ជាមួយកូនស្រី Ju Ae របស់លោក ពេលដែលរូបលោកព្យាយាមឆ្លុះបញ្ចាំងវឌ្ឍនភាពសេដ្ឋកិច្ច មុនសមាជបក្សដ៏សំខាន់ដែលគ្រោងនឹងធ្វើឡើងនៅដើមឆ្នាំក្រោយ ។
ក្រុមអ្នកវិភាគមួយចំនួន យល់ឃើញថា កូនស្រីវ័យជំទង់របស់លោក Kim ថាឈានមុខគេ ក្នុងការក្លាយជាមេដឹកនាំបន្ទាប់របស់កូរ៉េខាងជើង ។
សារព័ត៌មានរដ្ឋរាយការណ៍ថា លោក Kim ដែលបានចូលរួមពិធីជាច្រើនកាលពីថ្ងៃសៅរ៍ បានធ្វើដំណើរទៅកាន់សណ្ឋាគារលំដាប់ខ្ពស់ ២កន្លែង ក្នុងចំណោមសណ្ឋាគារ ៥កន្លែងដែលបានបើកឲ្យដំណើរការកាលពីចុងសប្តាហ៍កន្លងទៅ ស្ថិតក្នុងតំបន់ទេសចរណ៍ Samjiyon នៅភាគឦសានឧបទ្វីបកូរ៉េ ជិតព្រំដែនជាមួយចិន ។

យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍ KRT បានឲ្យដឹងថា លោក Kim និយាយថា សណ្ឋាគារទាំងនេះ គឺជាភ័ស្តុតាងយ៉ាងច្បាស់ក្រឡែតពីឋានៈកាន់តែខ្ពស់របស់ប្រជាជនយើង និងសក្តានុពលអភិវឌ្ឍន៍របស់ប្រទេសយើង ។
មេដឹកនាំកូរ៉េខាងជើងរូបនេះ បានចូលរួមពិធីបើកឲ្យប្រើប្រាស់សមិទ្ធិផលជាច្រើនកន្លែងនៅក្នុងរយៈពេល ១ខែកន្លងមកនេះ រួមទាំងការបើកឲ្យដំណើរការរោងចក្រក្នុងតំបន់ ២កន្លែង កាលពីសប្តាហ៍មុន ។
កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងធ្វើសមាជបក្សលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ៥ឆ្នាំ នៅដើមឆ្នាំ ២០២៦ ជាទីដែលផែនការអភិវឌ្ឍថ្មីសម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់ នឹងត្រូវបង្ហាញ ៕
