ភ្នំពេញ៖ ខណៈបញ្ហាបទល្មើសឧក្រិដ្ឋឆ្លងដែន នៅតែបន្តកើតមានក្នុងតំបន់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ឱ្យរួមគ្នាទប់ស្កាត់បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនមានការរើសអើងគ្នា រួមទាំងការ ផ្ដល់នូវបទពិសោធន៍ទៅគ្នាទៅវិញទៅមក និងការពង្រឹងផ្នែកធនធានមនុស្សផងដែរ ។
ក្នុងឱកាសអញ្ជើញបើកសន្និសីទអាស៊ានណាប៉ូល លើកទី៤០ នៅថ្ងៃទី២ ខែមីនានេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ មានការប្រយុទ្ធប្រឆាំងយ៉ាងតឹងតែងលើបទឧក្រិដ្ឋមិនប្រពៃណី និងបទឧក្រិដ្ឋប្រពៃណី រួមទាំងវិបត្តិជាបន្តបន្ទាប់ ដែលបង្កឡើងដោយជំងឺរាតត្បាត ក៏ដូចជាគ្រោះធម្មជាតិ និងបម្រែបម្រួលធាតុអាកាស ។
សម្ដេច បានបន្តថា ស្ថានភាពពោរពេញដោយសម្ពាធអវិជ្ជមានបែបនេះ អាស៊ាន មានភាពចាំបាច់ ត្រូវតែបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព និងត្រូវធ្វើការជាមួយគ្នា ដើម្បីសម្របសម្រួលឆ្លើយតបជាសកល ចំពោះបញ្ហា ដែលកំពុងកើតឡើងនេះ ។
សម្ដេចក្រឡាហោម បានជំរុញគណៈកម្មការក្នុងសន្និសីទណាប៊ូលនេះ មានកិច្ចពិភាក្សារិះរកនូវ មធ្យោបាយ ឬវិធីសាស្ត្រសំដៅលើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់រូបភាពដើម្បីរក្សាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គម នាំមកនូវវិបុលភាពសម្រាប់សហគមន៍ ពិសេសបង្កើតនូវបរិយាកាសអំណោយផលគាប់ប្រសើរ សម្រាប់គាំទ្រដល់ការស្ទុះងើបឡើង នៃប្រទេសនីមួយៗ ក៏ដូចជាតំបន់ទាំងមូល បន្ទាប់ពីការញាំញីដោយជំងឺកូវីដ-១៩៕ អត្ថបទ៖ បាន សុខរិទ្ធិ