នៅថ្ងៃអង្គារ (ទី២៣ ខែធ្នូ) នេះ ប្រទេសចិនបានជំរុញឲ្យសហរដ្ឋអាមេរិកបំពេញការទទួលខុសត្រូវរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីសេចក្តីព្រាងរបាយការណ៍របស់មន្ទីរបញ្ជកោណ បានលើកឡើងថា ចិនទំនងជាបានដំឡើងមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ច្រើនជាង ១០០ដើម នៅទីតាំង ក្បែរព្រំដែនប្រទេសម៉ុងហ្គោលី ហើយមិនបានបង្ហាញពីបំណងចង់ពិភាក្សា អំពីការគ្រប់គ្រងអាវុធឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្នុងទីក្រុងប៉េកាំងថា៖ «ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុត កិច្ចការបន្ទាន់បំផុត សម្រាប់សហរដ្ឋអាមេរិក គឺត្រូវបំពេញដោយស្មោះត្រង់នូវការទទួលខុសត្រូវពិសេស និងជាអាទិភាព ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ»។
លោក Lin បានបន្ថែមថា សហរដ្ឋអាមេរិកគួរតែ «កាត់បន្ថយយ៉ាងខ្លាំងនូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់រដ្ឋអាវុធនុយក្លេអ៊ែរផ្សេងទៀត ឲ្យចូលរួមក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរ»។

នៅក្នុងសេចក្តីព្រាងរបាយការណ៍ដែលសារព័ត៌មាន Reuters បានឃើញ មន្ទីរបញ្ចកោណបានឲ្យដឹងថា ប្រទេសចិនប្រហែលជាបានដំឡើងមីស៊ីល ICBM ប្រភេទ DF-31 ជាង ១០០ដើម ក្នុងទីតាំងចំនួន ៣ នៅកៀកនឹងប្រទេសម៉ុងហ្គោលី។ ព្រឹត្តិបត្រនៃអ្នកវិទ្យាសាស្ត្រអាតូមិក ជាអង្គការមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅទីក្រុង Chicago បានឲ្យដឹងថា ប្រទេសចិនកំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួនលឿនជាងមហាអំណាចនុយក្លេអ៊ែរដទៃទៀត។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់សញ្ញាកាលពីខែមុនថា លោកអាចនឹងធ្វើការលើផែនការរំសាយអាវុធនុយក្លេអ៊ែរជាមួយចិន និងរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ថា លោកមិនបានដឹងអំពីរបាយការណ៍របស់មន្ទីរបញ្ចកោណនោះឡើយ ប៉ុន្តែបានបញ្ជាក់ថា «ការឃោសនាមិនពិត» ត្រូវបានគេមើលឃើញចេញពីសហរដ្ឋអាមេរិក ពីមុន៕
