អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី២៣ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា របបយោធាមីយ៉ាន់ម៉ា កំពុងប្រើអំពើហិង្សា និងការបំភិតបំភ័យ ដើម្បីបង្ខំឲ្យប្រជាជនទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតដែលគ្រប់គ្រងដោយយោធា នាពេលខាងមុខ ខណៈដែលក្រុមប្រឆាំងប្រដាប់អាវុធ កំពុងប្រើយុទ្ធសាស្ត្រស្រដៀងគ្នា ដើម្បីរារាំងប្រជាជនកុំទៅពាក់ព័ន្ធនឹងដំណើរការនេះ។
ប្រមុខសិទ្ធិមនុស្សរបស់ UN លោក Volker Turk បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អាជ្ញាធរយោធា នៅសហភាពមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់ការប្រើអំពើហិង្សាដ៏អាក្រក់ឃោរឃៅ ដើម្បីបង្ខំឲ្យប្រជាជនទៅបោះឆ្នោត និងបញ្ឈប់រាល់ការចាប់ខ្លួនអ្នកដែលបង្ហាញពីទស្សនៈមិនពេញចិត្តណាមួយ»។

របបយោធាមីយ៉ាន់ម៉ា នឹងធ្វើជាអ្នកមើលខុសត្រូវការបោះឆ្នោតដែលចាប់ផ្តើម នៅថ្ងៃអាទិត្យ ដោយចាត់ទុកការបោះឆ្នោតដែលមានការរឹតបន្តឹងយ៉ាងខ្លាំងក្លានេះថា ជាការវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យវិញ ពោលគឺរយៈពេល ៥ឆ្នាំបន្ទាប់ពីខ្លួនបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតចុងក្រោយ ដែលបង្កឲ្យមានសង្គ្រាមស៊ីវិល រហូតដល់សព្វថ្ងៃ។
ប៉ុន្តែអតីតមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នៅតែជាប់ពន្ធនាគារ ហើយគណបក្សដ៏មានប្រជាប្រិយរបស់លោកស្រី ត្រូវបានរំលាយ បន្ទាប់ពីទាហានបានបញ្ចប់បទពិសោធន៍សាកល្បងអនុវត្តលទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍របស់ប្រទេស កាលពីខែកុម្ភៈ ឆ្នាំ២០២១។
ហើយជាមួយគ្នានេះ ក្រុមឃ្លាំមើលអន្តរជាតិបានច្រានចោលការបោះឆ្នោតជាដំណាក់កាលរយៈពេលមួយខែនេះ ដោយចាត់ទុកថា ជាការប្រកាសឡើងវិញឲ្យប្រសើរជាងមុននូវការគ្រប់គ្រងរបស់យោធា៕


