រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃអង្គារ (ទី២៣ ខែធ្នូ) នេះ បានបញ្ជាក់ថា ប្រទេសរបសលោកនឹងមិនដកចេញទាំងស្រុងពីតំបន់ហ្កាហ្សាស្ទ្រីបនោះឡើយ ហើយបានបង្ហាញពីផែនការបង្កើតទីតាំងយោធា-កសិកម្មថ្មី នៅភាគខាងជើងតំបន់ហ្កាហ្សា។
លោក Katz បាននិយាយបែបនេះនៅឯពិធីប្រកាសកិច្ចព្រមព្រៀង ដើម្បីប្តូរទីស្នាក់ការកណ្តាលនៃកងពលតូចនៃកងកម្លាំងការពារជាតិអ៊ីស្រាអែល គឺ Binyamin Brigade និងដើម្បីសាងសង់ការតាំងទីលំនៅថ្មីចំនួន ១.២០០ខ្នង នៅឯកន្លែងតាំងទីលំនៅ Beit El ក្នុងតំបន់កាន់កាប់ West Bank។ ការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅតំបន់កាន់កាប់ West Bank ត្រូវបានចាត់ទុកថា ខុសច្បាប់ក្រោមច្បាប់អន្តរជាតិដោយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិភាគច្រើន។

លោក Katz បាននិយាយថា៖ «យើងនឹងធ្វើរឿងនេះតាមវិធីត្រឹមត្រូវ ក្នុងពេលវេលាដ៏ត្រឹមត្រូវ។ មានអ្នកខ្លះតវ៉ា ប៉ុន្តែយើងជាអ្នកទទួលខុសត្រូវ»។
ដោយសំដៅទៅលើស្ថានភាពនយោបាយដ៏ទូលំទូលាយ លោក Katz បានបន្ថែមថា៖ «រដ្ឋាភិបាលនេះ គឺជារដ្ឋាភិបាលគាំទ្រដល់ការតាំងទីលំនៅ។ រដ្ឋាភិបាលស្វែងរកការចូលរួម។ ប្រសិនបើអធិបតេយ្យភាពអាចធ្វើទៅបាន យើងនឹងអនុវត្តវា។ ឥឡូវនេះ យើងស្ថិតក្នុងដំណាក់កាលអធិបតេយ្យភាពជាក់ស្តែង ហើយនៅពេលនេះ ដោយសារគោលជំហរ និងកម្លាំងយោធាដែលអ៊ីស្រាអែលបានបង្ហាញ ចាប់តាំងពីកើតសោកនាដកម្មដ៏គួរឲ្យរន្ធត់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មានឱកាសដែលយើងមិនមានជាយូរមកហើយ»។
បទឈប់បាញ់ដ៏ផុយស្រួយមួយ បានកើតមានឡើង រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី១០ ខែតុលា តែភាគីទាំង២ តែងតែចោទដាក់គ្នា អំពីការរំលោភលើកិច្ចព្រមព្រៀងនេះ៕


