ភ្នំពេញ៖ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា តាមការគ្រោងទុក នៅអំឡុងខែកញ្ញា ឆ្នាំនេះ WHO នឹងបញ្ចូនអ្នកជំនាញមកកម្ពុជា ដើម្បីសិក្សាចងក្រងឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការបញ្ចប់យុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់២០២៥។ ឯកសារ ដែលកម្ពុជាចងក្រងរួច នឹងបញ្ជូលទៅWHO ដើម្បីស្នើសុំវិញ្ញាបនបត្រ ក្រោយពេល៣ឆ្នាំ បន្ទាប់ពីកម្ពុជា លុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែមីនា នេះ ក្នុងជំនួបជាមួយគណៈប្រតិភូអង្គការសុខភាពពិភពលោក នៃទីស្នាក់ការកណ្តាលនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ក្នុងគោលបំណងពិភាក្សាលើការងារលុបបំបាត់ជំងឺគ្រុនចាញ់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ដួចផ្ដើមនិងអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលយុទ្ធសាស្ត្រជាតិនេះ ត្រូវបានយកមកប្រើប្រាស់ និងដាក់ចេញនូវសកម្មភាព និងគោលការណ៍ណែនាំផ្សេងៗ សំដៅជំរុញការងារលុបបំបាត់ជំងឺគ្រុនចាញ់យ៉ាងសកម្ម សម្រាប់ក្រុមការងារដៃគូ និងភ្នាក់ងារផ្តល់មូលនិធិនានា។
លោកជំទាវ បានបញ្ជាក់ថា ជាលទ្ធផលរយៈពេល១០ឆ្នាំ នៃការអនុវត្តយុទ្ធសាស្រ្តនេះ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១ គឺសូចនាករអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ ត្រូវបានបញ្ចប់ គឺគ្មានអ្នកស្លាប់ដោយ ជំងឺនេះចាប់តាំងពីឆ្នាំ២០១៨មក។
នេះបញ្ជាក់ថា កម្ពុជា សម្រេចបានជោគជ័យ០៣ឆ្នាំមុនគោលដៅកំ ណត់។ ចំពោះសូចនាករការគ្មានជំងឺគ្រុនចាញ់ (Zero malaria) ក្នុងឆ្នាំ២០២៥ ក៏ជាកិច្ចការដែលត្រូវតែ ប្រឹងប្រែងរួមគ្នាជាបន្តទៀតដោយមិនបន្ធូរដៃ នៅក្នុងដំណាក់កាលចុងក្រោយ ដើម្បីឈានទៅសម្រេចបាន នូវគោលដៅនេះ។
លោកវេជ្ជបណ្ឌិត ប៉េដ្រូ អេឡនសូ ប្រធានគណៈប្រតិភូអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញនូវការកោតសរសើរនូវសមិទ្ធផល ដែលកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា សម្រេចបានកន្លងមក ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងរិះរកថវិកាបន្ថែមទៀត ដើមី្បជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥៕អត្ថបទ៖ ទូច សោភ័ណ

