កងកម្លាំងប្រដាប់អាវុធនៃប្រទេសជាសមាជិកអង្គការណាតូ (NATO) បានឲ្យដឹងថា យន្តហោះរបស់ប៉ូឡូញ និងសម្ព័ន្ធមិត្ត ត្រូវបានដាក់ពង្រាយនៅព្រឹកថ្ងៃអង្គារ (ទី២៣ ខែធ្នូ) នេះ ដើម្បីធានាសុវត្ថិភាពដែនអាកាសប៉ូឡូញ បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសសំដៅភាគខាងលិចអ៊ុយក្រែន ជិតព្រំដែនជាមួយប៉ូឡូញ។
តាមរៈសារបង្ហោះនៅលើគេហទំព័របណ្ដាញសង្គម X ទីបញ្ជាការប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ បានឲ្យដឹងថា៖ «យន្តហោះចម្បាំងត្រូវបានដាក់ពង្រាយយ៉ាងប្រញាប់ប្រញាល់ ហើយប្រព័ន្ធការពារដែនអាកាស និងរ៉ាដាដែលមានមូលដ្ឋានលើដី ត្រូវបានដាក់ឲ្យត្រៀមជាស្រេចក្នុងកម្រិតខ្ពស់»។

ទីបញ្ជាការបានឲ្យដឹងទៀតថា៖ «វិធានការទាំងនេះ គឺជាការត្រៀមបង្កា ហើយមានគោលបំណងធានា និងការពារដែនអាកាស ជាពិសេសនៅតំបន់ដែលនៅជាប់នឹងតំបន់រងការគំរាមកំហែង»។
តែនៅក្នុងការបង្ហោះ នាពេលក្រោយ ទីបញ្ជាការប្រតិបត្តិការនេះ បានប្រកាសថា វិធានការពង្រឹងនេះ ត្រូវបានបញ្ចប់។ យន្តហោះសម្ព័ន្ធមិត្ត និងប៉ូឡូញបានឈប់ប្រតិបត្តិការ នៅក្នុងដែនអាកាសប៉ូឡូញ ហើយប្រព័ន្ធការពារដែនអាកាស និងរ៉ាដាដែលមានមូលដ្ឋានលើដីបានវិលរកស្ថានភាពប្រតិបត្តិការស្តង់ដារវិញ។
ក្រុមមន្ត្រីបានបញ្ជាក់ថា គ្មានការរំលោភលើដែនអាកាសប៉ូឡូញ ត្រូវបានរកឃើញនោះឡើយ ក្នុងអំឡុងពេលប្រកាសអាសន្ននេះ។ ក្នុងនាមជាសមាជិករបស់សម្ព័ន្ធមិត្តយោធាណាតូ ប្រទេសប៉ូឡូញមានព្រំដែនភាគខាងកើតដ៏វែងជាមួយអ៊ុយក្រែន ហើយបានដាក់ការការពារផ្លូវអាកាសរបស់ខ្លួនឲ្យប្រុងជើងការម្តងហើយម្តងទៀត ក្នុងអំឡុងពេលមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីទ្រង់ទ្រាយធំឆ្លងកាត់ព្រំដែន។ នៅក្នុងហេតុការណ៍មុនៗ មីស៊ីលវង្វេងគោលដៅ ឬកម្ទេចកម្ទី ដោយសារការស្ទាក់ចាប់ពីប្រព័ន្ធការពារដែនអាកាស បានធ្លាក់លើដែនដីរបស់សមាជិកអង្គការណាតូ ដែលធ្វើឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងៗ អំពីសន្តិសុខក្នុងតំបន់៕
