កងទ័ពលីបង់បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២៣ ខែធ្នូ) នេះថា ទាហានលីបង់ម្នាក់ ស្ថិតក្នុងចំណោមអ្នកសា្លប់ ៣នាក់ ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើរថយន្ត ១គ្រឿង នៅភាគខាងត្បូងរបស់ប្រទេស ដោយបានបដិសេធការអះអាងរបស់អ៊ីស្រាអែល ដែលថា ជនរងគ្រោះរូបនោះក៏ជាសមាជិករបស់ក្រុមហេសបូឡាផងដែរ។
អ៊ីស្រាអែលបានបន្តការវាយប្រហារជាប្រចាំ លើប្រទេសលីបង់ ដោយជាធម្មតាផ្ដល់ហេតុផលថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមហេសបូឡា បើទោះបីជាមានបទឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្វែងរកការបញ្ចប់អរិភាពជាងមួយឆ្នាំ ជាមួយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ដែលខ្លួនបានចោទប្រកាន់ថា កំពុងបំពាក់អាវុធឡើងវិញ។
ទីភ្នាក់ងារព័ត៌មានរដ្ឋលីបង់បានឲ្យដឹងថា ការវាយប្រហារកាលពីថ្ងៃចន្ទលើរថយន្ត ១គ្រឿង ត្រូវបានធ្វើឡើងដោយយានដ្រូនរបស់អ៊ីស្រាអែល ចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីទីក្រុងឆ្នេរ Sidon ភាគខាងត្បូង ហើយ «បានសម្លាប់មនុស្ស ៣នាក់ដែលជិះនៅខាងក្នុងនោះ»។

ហើយកងទ័ពលីបង់បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោកវរសេនីយ៍ទោ Ali Abdullah ត្រូវបានសម្លាប់នៅថ្ងៃមុននេះ «អំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅលើរថយន្តដែលលោកជិះនៅខាងក្នុង» ជិតទីក្រុង Sidon។
ចំណែកកងទ័ពអ៊ីស្រាអែលបានប្រាប់ថា ខ្លួនបានសម្លាប់សមាជិករបស់ក្រុមហេសបូឡា ៣នាក់ អំឡុងការវាយប្រហារនោះ ដោយបន្ថែមក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះថា «ភេរវករម្នាក់ ក្នុងចំណោមពួកភេរវករដែលត្រូវបានកំចាត់ អំឡុងការវាយប្រហារនោះ ក្នុងពេលជាមួយគ្នា បានបម្រើការនៅក្នុងអង្គភាពស៊ើបការណ៍លីបង់»៕
