សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន រាយការណ៍ថា មនុស្សយ៉ាងហោច ៥នាក់ បានរងបួស ក្រោយការវាយប្រហារយានដ្រូនរុស្ស៊ី ធ្វើឲ្យខូចខាតអគារផ្ទះល្វែងជាច្រើនខ្នង នៅទីក្រុងគីវ នាថ្ងៃអង្គារនេះ ។
ប្រជាពលរដ្ឋបានជួបជុំគ្នានៅជិតអគារផ្ទះល្វែងកម្ពស់ ៥ជាន់ ដែលរងការវាយប្រហារយានដ្រូន ។ នៅក្នុងចំណោមពួកគេគឺលោក Andrii Stets ដែលជាសន្តិសុខអាយុ ៣៥ឆ្នាំម្នាក់ និងជាឪពុកមានកូន ៣នាក់ ឈរជាមួយភរិយារបស់លោក ។
លោក Stets និយាយថា លោកបានធ្វើដំណើរទៅធ្វើការ ពេលដែលលោកឃើញយានដ្រូន Shahed ហោះពីលើក្បាលរបស់លោក ហើយបន្ទាប់មកលោកក៏បានរត់ត្រឡប់ទៅមើលផ្ទះល្វែងរបស់លោកវិញ ក៏ឃើញរងការវាយប្រហារដោយយានដ្រូន ។

យោធាអ៊ុយក្រែន និយាយថា រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសទាំងព្រឹកព្រលឹមលើទីក្រុងគីវនាថ្ងៃអង្គារ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការចរចាសន្តិភាព ដឹកនាំដោយសហរដ្ឋអាមេរិក នៅទីក្រុង Miami បានបញ្ចប់ ។
សារព័ត៌មានក្នុងស្រុករបស់អ៊ុយក្រែន រាយការណ៍ថា កងកម្លាំងរុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំដោយប្រើមីស៊ីល និងយានដ្រូនលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដោយផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធថាមពល ។
ដោយឡែក ទូរទស្សន៍រដ្ឋ Suspilne រាយការណ៍ថា ស្នូរផ្ទុះបានលាន់ឮនៅទីក្រុង Rivne ភាគខាងលិច ក្នុងភូមិសហគមន៍ Burshtyn និង Rohatyn ស្ថិតនៅតំបន់ Ivano-Frankivsk ក៏ដូចជានៅជាយក្រុង Cherkasy ផងដែរ ៕
