ប្រព័ន្ធផ្សព្វផ្សាយ CBS បានរាយការណ៍នៅថ្ងៃអង្គារ (ទី២៣ ខែធ្នូ) នេះថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេស ដើម្បីលុបចោលការសុំសិទ្ធិជ្រកកោនពីមនុស្សរាប់ពាន់នាក់ ដែលមានសំណុំរឿងសកម្មនៅក្នុងតុលាការអន្តោប្រវេសន៍ ដោយផ្ដល់ហេតុផលថា ពួកគេអាចត្រូវបាននិរទេសទៅកាន់ប្រទេសដែលមិនមែនជាប្រទេសកំណើតរបស់ពួកគេ។
សារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់ពីរបាយការណ៍នេះបានភ្លាមៗឡើយ។ ហើយសេតវិមាន ស្ថាប័នអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក (ICE) និងក្រសួងសន្តិសុខមាតុភូមិ ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ។

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា យុទ្ធសាស្ត្រថ្មីរបស់រដ្ឋបាលនេះ មានពាក់ព័ន្ធនឹងក្រុមអ្នកច្បាប់របស់ ICE ស្នើសុំឲ្យចៅក្រមអន្តោប្រវេសន៍ ច្រានចោលករណីសុំសិទ្ធិជ្រកកោន ដោយមិនចាំបាច់មានសវការស្ដាប់ អំពីភាពស័ក្តិសម។
របាយការណ៍បានបន្ថែមថា ក្រុមអ្នកច្បាប់របស់ ICE ក៏បានស្នើផងដែរដល់ចៅក្រមបញ្ជាឲ្យមានការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសមួយចំនួន ដូចជាកាតេម៉ាឡា ហុយឌូរ៉ាស អាក្វាឌ័រ និងអ៊ូហ្គង់ដា។
គួរបញ្ជាក់ថា របាយការណ៍នេះកើតឡើងនៅពេលដែលលោក Trump កំពុងរៀបចំឲ្យមានការបង្រ្កាបអន្តោប្រវេសន៍កាន់តែខ្លាំងក្លា នៅឆ្នាំ២០២៦ ដោយមានការផ្តល់មូលនិធិថ្មីៗរាប់ពាន់លានដុល្លារ៕

