ភ្នំពេញ៖ កុមារមានពិការភាព ក៏ដូចជាកុមារកំព្រា ដែលកំពុងស្នាក់នៅទទួលការថែទាំនៅទីតាំង បុរីទារក និងកុមារជាតិ ទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវតាមការកំណត់ផ្អែក លើកម្រិតអាយុរបស់ពួកគាត់។ ការចាក់វ៉ាក់សាំងនេះ គឺមានការសម្រួលដោយក្រុមគ្រូពេទ្យ ដោយចុះចាក់នៅទីតាំងដោយផ្ទាល់ ដើម្បីបង្កភាពងាយស្រួល។
យុទ្ធនាការចាក់វ៉ាក់សាំង គឺបើកទូលាយសម្រាប់គ្រប់ប្រជាពលរដ្ឋដែលគ្រប់អាយុ ដោយអាចស្ម័គ្រចិត្តទៅទទួលការចាក់សាំងនៅគ្រប់ទីកន្លែង ស្របពេលដែលមានការពង្រីកទីតាំងចាក់វ៉ាក់សាំងកាន់តែច្រើនទូទាំងប្រទេសកម្ពុជា។ លើសពីនេះ ក៏មានការចុះចាក់វ៉ាក់សាំងដល់ខ្នងផ្ទះ សម្រាប់ប្រជាពលរដ្ឋដែលពិបាកក្នុងការបំលាស់ទីផងដែរ។
ជាក់ស្ដែងសម្រាប់កុមារមានពិការភាព និងកំមារកំព្រាប្រមាណ ១៦០នាក់ ដែលរស់នៅទទួលការថែទាំនៅទីតាំងបុរីទារកនិងកុមារជាតិ ក៏ទទួលបានការចុះទៅចាក់វ៉ាក់សាំងនៅទីតាំងដោយផ្ទាល់ពីក្រុមគ្រូពេទ្យផងដែរ។ នេះជាការបញ្ជាក់របស់លោកស្រី ថោ ពៅ ប្រធានបុរីទារកនិងកុមារជាតិ។
លោកស្រី មានប្រសាសន៍ថា មកទល់ពេលនេះ មានទាំងអ្នកដែលទទួលបានការចាក់វ៉ាក់សាំងលើកទី២ លើកទី៣ និងមានទាំងក្រុមគោលដៅថ្មី ដែលនឹងទទួលបានការចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗខាងមុខផងដែរ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងសម្រាប់ក្របខណ្ឌទូទាំងប្រទេស គឺមានដំណើរការល្អប្រសើរ ដោយរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចចាក់វ៉ាក់សាំងដូសទី ៤ផងដែរ។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១ខែមីនា ឆ្នាំ២០២២ កម្ពុជា សម្រចបានការចាក់វ៉ាក់សាំងចំនួន ៩១,៣៩% បើធៀបនឹងចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។
ថ្មីនេះៗរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចឱ្យមានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនកុមារអាយុចាប់ពី ៣ឆ្នាំដល់ក្រោម ៥ឆ្នាំផងដែរ ក្រោយពីការមានការរកឃើញនូវករណីឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ជាច្រើនរយករណីរៀងរាល់ថ្ងៃ៕ អត្ថបទ៖ គឹមហុក
