យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា រដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិរបស់យេម៉ែន និងក្រុមឧទ្ទាមហ៊ូធី បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងអ្នកទោស ដោយក្រុមមន្រ្តីមកពីភាគីទាំង ២ និយាយថា វាមានចំនួនរហូតដល់រាប់ពាន់នាក់ ។
ប្រេសិត UNប្រចាំនៅយេម៉ែនលោក Hans Grundberg និយាយក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងដោះដូរអ្នកទោសនេះ បានកើតមានឡើង ក្រោយរយៈពេលជិត ២សប្តាហ៍នៃកិច្ចប្រជុំនៅក្នុងទីក្រុង Muscat រដ្ឋធានីរបស់ប្រទេសអូម៉ង់ ដែលជាអ្នកសម្របសម្រួលនៅក្នុងជម្លោះរវាងរដ្ឋាភិបាលយេម៉ែន និងក្រុមឧទ្ទាមហ៊ូធី ដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០១៤ ។
ដោយចាត់ទុកថាជាជំហានវិជ្ជមាន និងមានអត្ថន័យ លោក Grundberg និយាយថា កិច្ចព្រមព្រៀងនេះ នឹងជួយបន្ធូរបន្ថយការឈឺចាប់របស់អ្នកទោស និងក្រុមគ្រួសាររបស់ពួកគេនៅទូទាំងប្រទេសយេម៉ែន ។
លោកបន្តថា ការអនុវត្តប្រកបដោយប្រសិទ្ធិភាពនៃកិច្ចព្រមព្រៀង ត្រូវការកិច្ចព្រមព្រៀងបន្ត ហើយនិងកិច្ចសហប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ ការគាំទ្រក្នុងតំបន់ដោយមានការសម្របសម្រួល និងកិច្ចខិតខំប្រកបដោយនិរន្តរភាព ដើម្បីធ្វើឲ្យវឌ្ឍនភាពនេះ ឆ្ពោះទៅរកការដោះលែងអ្នកទោសបន្ថែមទៀត ៕