ពលរដ្ឋស៊ីរីជាគ្រិស្តបរិស័ទមួយក្រុមតូច បានវិលត្រឡប់មកកាន់ភូមិដ្ឋានរងការបំផ្លិចបំផ្លាញរបស់ពួកគេវិញ នៅទីក្រុងជនបទ al-Ghassanyeh ស្ថិតក្នុងខេត្ត Idlib របស់ប្រទេសស៊ីរី ពោលគឺរយៈពេលជាង ១ទសវត្សរ៍ ក្រោយពួកគេរត់ភៀសខ្លួនចេញពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម ។
លោក Abdallah Ibrahim គឺជាមន្រ្តីក្នុងស្រុកមួយរូបនៅទីក្រុងជនបទ al-Ghassaneyah និយាយថា ពីសហគមន៍មុនសង្រ្គាមមានពលរដ្ឋរស់នៅជាង ២ពាន់នាក់ ឥឡូវមានតែមនុស្ស ២០នាក់ប៉ុណ្ណោះ បានវិលត្រឡប់មកវិញ ដើម្បីជួសជុលផ្ទះសម្បែងរបស់ពួកកេ ។
លោកនិយាយថា វាគឺជាភាពខុសប្លែកគ្នាខ្លាំងពីរយៈពេល ១៥ឆ្នាំមុន ឥឡូវពួកយើងយល់ឃើញថា វាគឺជាការល្អប្រសើរ និងសប្បាយរីករាយ កាលដែលអាចវិលត្រឡប់មករស់នៅក្នុងទីក្រុងកំណើតរបស់ពួកយើងបែបនេះវិញ ។
លោក Mikhail Mhardawi គឺជាអ្នកស្រុកមួយរូប បានជួសជុលបង្អួចផ្ទះរបស់លោក ខណៈភរិយា Sabah Elias របស់លោក កំពុងឆុងកាហ្វេនៅលើជើងក្រានតួចមួយ ។
ប្តីប្រពន្ធ ២នាក់នេះ បានចំណាយពេលបុណ្យណូអែលឆ្នាំមុនរបស់ពួកគេនៅទីក្រុង Latakia ស្ថិតនៅតំបន់ឆ្នេរប្រទេសស៊ីរី ប៉ុន្តែឆ្នាំនេះ ពួកគេបារព្ធពិធីបុណ្យណូអែលនៅផ្ទះរបស់ពួកគេវិញ ៕