ប្រធានគម្រោងគាំទ្រដោយរដ្ឋាភិបាល និយាយនៅថ្ងៃអង្គារនេះថា ជប៉ុននឹងធ្វើតេស្តភក់សម្បូររ៉ែកម្រលើកចេញពីបាតសមុទ្រជ្រៅ ជិតកោះ Minamitori ដែលមានចម្ងាយប្រហែល ១.៩០០គ.មភាគអាគ្នេយ៍ទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ។
ប្រតិបត្តិការនេះ នឹងក្លាយជាការប៉ុនប៉ងលើកដំបូងគេរបស់ពិភពលោក ដើម្បីលើកភក់សម្បូររ៉ែកម្រចេញពីបាតសមុទ្រជម្រៅប្រហែល ៦ពាន់ម៉ែត្រ មកដាក់លើនាវា ។
ទីក្រុងតូក្យូ ដូចគ្នានឹងសម្ព័ន្ធមិត្តលោកខាងលិចដែរ កំពុងព្យាយាមធានាបានការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពនូវរ៉ែសំខាន់ៗ ស្របពេលចិន ដែលជាប្រទេសផ្គត់ផ្គង់រ៉ែកម្រដ៏លេចធ្លោ រឹតបន្តឹងការគ្រប់គ្រងការនាំចេញ ។
លោក Shoichi Ishii គឺជាប្រធានកម្មវិធីនៃគម្រោងជាតិសម្រាប់ការអភិវឌ្ឍមហាសមុទ្រប្រកបដោយភាពច្នៃប្រឌិតរបស់ការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា បេសកកម្មមួយក្នុងចំណោមបេសកកម្មរបស់ពួកយើង គឺបង្កើតខ្សែចង្វាក់ផ្គត់ផ្គត់សម្រាប់រ៉ែកម្រផលិតក្នុងស្រុក ដើម្បីធានាការផ្គត់ផ្គង់រ៉ែប្រកបដោយស្ថិរភាពដល់ឧស្សាហកម្ម ។
រដ្ឋាភិបាលជប៉ុន ជំរុញគម្រោងជាតិនេះថាជាផ្នែកមួយនៃកិច្ចខិតខំធំទូលាយ ដើម្បីពង្រឹងសន្តិសុខសេដ្ឋកិច្ច និងសមុទ្រ ។
ការធ្វើតេស្តនៅខែមករា នឹងផ្តោតសំខាន់លើការតភ្ជាប់ប្រព័ន្ធរ៉ែក្រោមបាតសមុទ្រជ្រៅ និងបញ្ជាក់ពីសមត្ថភាពរបស់ពួកគេ ក្នុងការលើកភក់រ៉ែកម្រទម្ងន់ ៣៥០តោន ក្នុង ១ថ្ងៃ ។ ផលប៉ះពាល់បរិស្ថាន នឹងត្រូវតាមដានទាំងនៅលើទូក និងនៅក្រោមបាតសមុទ្រពេញមួយប្រតិបត្តិការនេះ ៕