ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃនេះ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន ០២ដែលមានតម្លៃប្រមាណ ៤១លានដុល្លារអាមេរិក។
នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនដើម្បីអនុវត្តគម្រោងចំនួន ២ ទី១,ជាការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីនដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៧ លានដុល្លារអាមេរិក) និងទី២, ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន ២.៧៨៦ លានយ៉េន (ប្រមាណ ២៤ លានដុល្លារអាមេរិក)។
នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនចំពោះការផ្តល់ជំនួយនាពេលនេះ ដែលបង្ហាញថាជប៉ុនជាប្រទេសមានកិច្ចសហប្រតិបត្តិការល្អ និងសិទ្ធស្នាលលើគ្រប់វិស័យជាមួយកម្ពុជា សំដៅបន្ដដល់ទំនាក់ទំនងប្រទេសទាំងពីរ បើទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩។
ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះ នឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅជាតិស្តីពីកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។
បន្ថែមពីលើនេះ ឯកឧត្ដម ឯកអគ្គរាជទូតជប៉ុន ក៏បានសម្តែងការ គោរពដោយ ស្មោះចំពោះ កម្ពុជាដែល បានចាត់វិធានការយ៉ាងសកម្មក្នុងការកែលម្អស្ថានការណ៍ ក្នុងប្រទេសមីយ៉ាន់ម៉ា ។
ក្នុងនោះ ឯកអគ្គរាជទូតជប៉ុន ប្តេជ្ញាថា ជប៉ុននឹងបន្តគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកែលម្អស្ថានការណ៍ ក៏ដូចជាការរក្សាឯកភាពនិង ភាពជាកណ្តាលរបស់អាស៊ាន ក្នុងការស្វែងរកដំណោះស្រាយឲ្យជូនមីយ៉ាន់ម៉ា ជាពិសេសតាមរយះការបំពេញទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន នៅមីយ៉ាន់ម៉ានាពេលខាងមុខនេះ៕អត្ថបទ សេក ឧត្តម