សមាជិកសភាបក្សសាធារណរដ្ឋមានការខ្វែងគំនិតគ្នាលើថាតើលោកប្រធានាធិបតី Trump គួរតែបង្កើនសម្ពាធយោធាលើប្រទេសវ៉េណេស៊ុយអេឡាដើម្បីផ្តួលរំលំលោកប្រធានាធិបតី Nicolás Maduro ដែរឬអត់ ដោយសមាជិកសភាសាធារណរដ្ឋមួយចំនួនបានព្រមានថា ការផ្លាស់ប្តូររបប មានប្រវត្តិនៃការបង្កផលវិបាកដល់សហរដ្ឋអាមេរិក។

សមាជិកព្រឹទ្ធសភាសាធារណរដ្ឋភាគច្រើនគាំទ្រការកំណត់គោលដៅយ៉ាងខ្លាំងក្លារបស់លោក Trump ទៅលើទូកល្បឿនលឿនរបស់ប្រទេសវ៉េណេស៊ុយអេឡាដែលសង្ស័យថាបានរត់ពន្ធគ្រឿងញៀន ប៉ុន្តែអ្នកខ្លះព្រមានពីការវាយប្រហាររបបរបស់លោក Maduro ដោយផ្ទាល់ ទាំងការវាយប្រហារគោលដៅនានានៅលើដី ទាំងធ្វើប្រតិបត្តិការថ្មើរជើង។

សមាជិកព្រឹទ្ធសភាលោក Roger Marshall (R-Kan.) បាននិយាយថា លោកកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។ លោកគាំទ្រអ្វីដែលប្រធានាធិបតីបានធ្វើ។ លោកគិតថាសំណួរគឺថាតើយើងគួរធ្វើបែបនេះដោយកម្លាំងប៉ុណ្ណា។លោកគិតថាអាមេរិកត្រូវប្រុងប្រយ័ត្នខ្ពស់ពេលកំពុងដោះស្រាយជាមួយការផ្លាស់ប្តូររបប។ វាហាក់ដូចជាបង្កផលវិបាកច្រើន។
ចំណែកសមាជិកព្រឹទ្ធសភាមួយរូបទៀត គឺលោក Rand Paul (R-Ky.) បាននិយាយថា លោកជឿថារដ្ឋបាលកំពុងព្យាយាមផ្លាស់ប្តូររបបក្នុងប្រទេសវ៉េណេស៊ុយអេឡា ហើយប្រកាសថាលោកប្រឆាំង។

ភាពតានតឹងក្នុងតំបន់បានកើនឡើងកាលពីចុងសប្តាហ៍នេះ នៅពេលកងកម្លាំងឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានព្យាយាមស្ទាក់ចាប់នាវាដឹកប្រេងមួយគ្រឿងដែលធ្វើដំណើរឆ្ពោះទៅកាន់វ៉េណេស៊ុយអេឡា ដើម្បីដឹកប្រេងឆៅ។
សមាជិកព្រឹទ្ធសភាមួយរូបទៀតបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា លោកមិនចង់ឲ្យមានការដាក់កងទ័ពជើងគោកនៅវ៉េណេស៊ុយអេឡាទេ។លោកមិនចង់មានប្រទេសអាហ្វហ្គានីស្ថាន ឬអ៊ីរ៉ាក់ម្តងទៀតទេ៕