អំឡុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា និងថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្ដម Deng Xijun មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនបានលើកឡើងថា ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អំឡុងពេលបំពេញទស្សនកិច្ច មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនបានបញ្ជាក់ថា ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។
ឯកឧត្ដមបន្តថា ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។ សង្ឃឹមថា កម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខ ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញតាមបណ្តោយព្រំដែន។


