សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានកើនឡើងក្នុងល្បឿនមួយដ៏លឿនរយៈពេលបីខែរហូតដល់ខែកញ្ញា ដោយសារការចំណាយរបស់អ្នកប្រើប្រាស់បានកើនឡើង និងការនាំចេញបានហក់ឡើង។

សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៤,៣% កើនឡើងពី ៣,៨% នៅក្នុងត្រីមាសមុន។ នោះគឺល្អជាងការរំពឹងទុក ហើយបានក្លាយជាកំណើនខ្លាំងបំផុតក្នុងរយៈពេលពីរឆ្នាំ។

របាយការណ៍ ដែលត្រូវបានពន្យារពេលដោយសារការបិទទ្វាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញពីសេដ្ឋកិច្ចមួយដែលត្រូវបានរងផលប៉ះពាល់ដោយការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះគោលនយោបាយពាណិជ្ជកម្ម និងអន្តោប្រវេសន៍ ក៏ដូចជាអតិផរណាជាប់លាប់ និងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។

ប៉ុន្តែខណៈកត្តានោះបាននាំឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងវិស័យមួយចំនួន ដូចជាការនាំចូល និងការនាំចេញ សេដ្ឋកិច្ចមូលដ្ឋានបានរក្សាសន្ទុះរឹងមាំ ដោយសម្រេចបានលទ្ធផលល្អជាងការព្យាករណ៍ជាច្រើន។
លោក Aditya Bhave សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារអាមេរិក Bank of America បាននិយាយថា នេះគឺជាសេដ្ឋកិច្ចដែលបានកើនលើសពីការរំពឹងទុកដ៏អាប់អួរជាទូទៅចាប់តាំងពីដើមឆ្នាំ ២០២២។
ថ្លែងប្រាប់កម្មវិធី Business Today របស់ទូរទស្សន៍ BBC លោក Bhave បានហៅសេដ្ឋកិច្ចនេះថា ធន់ខ្លាំងបំផុត។
ក្នុងការបង្ហោះសារមួយលើបណ្ដាញសង្គម លោក Trump បានសាទរទិន្នន័យនេះ ដោយនិយាយថា គោលនយោបាយដំឡើងពន្ធរបស់លោកទទួលបានផលហើយ៕