សហរដ្ឋអាមេរិក បានប្រាប់ទៅកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (២៣ ធ្នូ) ថា ខ្លួននឹងដាក់ទណ្ឌកម្ម «ក្នុងកម្រិតអតិបរមា» ដើម្បីដកហូតធនធានពីប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ឱ្យរីងស្ងួតអស់ ខណៈរុស្ស៊ីបានព្រមានថា ប្រទេសអាមេរិកឡាទីនដទៃទៀត អាចនឹងក្លាយជាគោលដៅបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន។

អស់ជាច្រើនខែមកហើយ រដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump បានបើកយុទ្ធនាការប្រឆាំងនឹងទូកដែលសង្ស័យថាជួញដូរគ្រឿងញៀន នៅជិតឆ្នេរវ៉េណេស៊ុយអេឡា និងឆ្នេរប៉ាស៊ីហ្វិកនៃតំបន់អាមេរិកឡាទីន ខណៈលោក Trump ផ្ទាល់ក៏បានគំរាមវាយប្រហារលើទឹកដីវ៉េណេស៊ុយអេឡាផងដែរ។

លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖ ការគំរាមកំហែងធ្ងន់ធ្ងរបំផុតតែមួយគត់ចំពោះអឌ្ឍគោលនេះ និងចំពោះសហរដ្ឋអាមេរិក គឺមកពីក្រុមភេរវករ និងក្រុមឧក្រិដ្ឋជនឆ្លងដែន។ មន្រ្តីអាមេរិករូបនេះបានលើកឡើងពីនាវាដឹកប្រេងដែលជាប់ទណ្ឌកម្ម ថាជាខ្សែជីវិតសេដ្ឋកិច្ចចម្បងសម្រាប់លោក Maduro ហើយបានចោទប្រកាន់ថា រដ្ឋាភិបាលរបស់មេដឹកនាំវ៉េណេស៊ុយអាឡារូបនេះ ជារបបខុសច្បាប់។

ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ បានរិះគន់ការគំរាមរបស់អាមេរិកថា "អាចក្លាយជាគំរូសម្រាប់សកម្មភាពបែបបង្ខំនាពេលអនាគត ប្រឆាំងនឹងរដ្ឋអាមេរិកឡាទីន"។ ឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡា ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ការគំរាមកំហែងមិនមែនជាវ៉េណេស៊ុយអេឡាឡើយ ប៉ុន្តែគឺជារដ្ឋាភិបាលសហរដ្ឋអាមេរិកទៅវិញទេ៕