យោធារបស់ទីក្រុងគីវ បាននិយាយកាលពីថ្ងៃអង្គារ (២៣ ធ្នូ) ថា កងទ័ពអ៊ុយក្រែន បានដកកម្លាំងចេញពីទីប្រជុំជន Siversk ភាគខាងកើតដ៏សំខាន់ ខណៈកងទ័ពរុស្ស៊ី បានធ្វើការវាយលុកយ៉ាងខ្លាំងក្លានៅសមរភូមិទិសនេះ ក្នុងបំណងឆ្ពោះទៅទីក្រុងសំខាន់ៗផ្សេងទៀត ដែលមានសារៈសំខាន់ចំពោះខ្សែការពាររបស់អ៊ុយក្រែន នៅភាគខាងកើត។

ការដួលរលំនៃទីតាំងឈរជើង Siversk កើតឡើងស្របពេលដែលអ៊ុយក្រែន នៅក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក ឱ្យសម្រេចសន្តិភាពឆាប់រហ័សក្នុងសង្គ្រាមជិត ៤ឆ្នាំ ដែលបង្កឡើងដោយប្រតិបត្តិការយោធារបស់រុស្ស៊ី ហើយក៏ធ្វើឱ្យកងកម្លាំងរុស្ស៊ី កាន់តែខិតជិតមជ្ឈមណ្ឌល Sloviansk ដ៏សំខាន់ ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ប៉ុណ្ណោះឆ្ពោះទៅភាគខាងលិច។
ទីក្រុង Sloviansk គឺជាតំបន់យុទ្ធសាស្រ្តភាគខាងជើងនៃអ្វីដែលហៅថា "ខ្សែក្រវ៉ាត់បន្ទាយ" នៃទីក្រុងផ្សេងទៀតក្នុងតំបន់ឧស្សាហកម្ម Donbas របស់អ៊ុយក្រែន ដែលរុស្ស៊ី បានទាមទារឱ្យទីក្រុងគីវ ប្រគល់ទៅឱ្យខ្លួន ជាលក្ខខណ្ឌមួយក្នុងការបញ្ចប់សង្គ្រាម។

នាយសេនាធិការអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដកទាហានចេញពីទីនោះដើម្បីរក្សាអាយុជីវិតនិងធនធាន ដោយបន្ថែមថា ទោះជានេះក្ដី ពួកគេបានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងទីក្រុងមូស្គូ។ នៅសមរភូមិជួរមុខផ្សេងទៀត ការប្រយុទ្ធគ្នានៅតែកំពុងផ្ទុះឡើងយ៉ាងក្ដៅគគុក ជាពិសេសនៅជុំវិញមជ្ឈមណ្ឌលភស្តុភារភាគខាងកើត Pokrovsk ដែលអ៊ុយក្រែន ហៅថាជាទីតាំងយុទ្ធសាស្រ្ត៕