តុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី២៣ ខែធ្នូ បានបដិសេធមិនអនុញ្ញាតឱ្យប្រធានាធិបតី លោក Donald Trump ដាក់ពង្រាយឆ្មាំជាតិទៅកាន់ទីក្រុងឈីកាហ្គោ ជាការបរាជ័យដ៏កម្រសម្រាប់រដ្ឋបាលរបស់លោក ខណៈខ្លួនពង្រីកការប្រើប្រាស់កងកម្លាំងយោធានៅក្នុងទីក្រុងនានាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ។

ក្រុមចៅក្រមបានរក្សាទុកសាលក្រមរបស់តុលាការជាន់ទាបដោយរារាំងការដាក់ពង្រាយឆ្មាំជាតិរាប់រយនាក់ ខណៈបញ្ហាប្រឈមផ្លូវច្បាប់ដែលនាំមកដោយរដ្ឋ Illinois និង Chicago នៅតែបន្ត។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានស្នើសុំឱ្យតុលាការលុបចោលសេចក្តីបង្គាប់នេះ ខណៈសំណុំរឿងកំពុងដំណើរការ។

តុលាការបាននិយាយនៅក្នុងសេចក្តីបង្គាប់ដែលមិនបានចុះហត្ថលេខាថា «នៅដំណាក់កាលបឋមនេះ រដ្ឋាភិបាលបានបរាជ័យក្នុងការកំណត់អត្តសញ្ញាណប្រភពនៃអំណាចដែលនឹងអនុញ្ញាតឱ្យយោធាអនុវត្តច្បាប់នៅក្នុងរដ្ឋ Illinois»។
សេចក្តីសម្រេចនេះ បង្ហាញពីការបរាជ័យសម្រាប់លោក Trump នៅតុលាការកំពូលមានសំឡេងខាងអភិរក្សនិយមភាគច្រើន៦ទល់នឹង៣ ដែលតែងតែគាំទ្ររដ្ឋបាលរបស់លោកលើការអះអាងអំណាចប្រធានាធិបតី ចាប់តាំងពីលោកបានវិលត្រឡប់ទៅកាន់តំណែងវិញកាលពីក្នុងខែមករា។
លោកTrump បានបញ្ជាឱ្យដាក់ពង្រាយឆ្មាំជាតិទៅកាន់ទីក្រុងChicago និងទីក្រុងPortland បន្ទាប់ពីការដាក់ពង្រាយឆ្មាំជាតិកាលពីពេលមុនទៅកាន់ទីក្រុង Los Angeles, Memphis និង Washington DC។