សភារបស់ប្រទេសវ៉េណេស៊ុយអេឡា បានកំណត់ពេលពិភាក្សាដេញដោលអំពីច្បាប់កាលពីថ្ងៃអង្គារ ដែលនឹងដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេលយូរលើពលរដ្ឋដែលគាំទ្រការបិទផ្លូវនាវាដឹកប្រេងរបស់សហរដ្ឋអាមេរិក ដែលទីក្រុងការ៉ាកាស បានចាត់ទុកថាជាទង្វើចោរសមុទ្រ។

ច្បាប់ដែលបានស្នើនេះ ធ្វើឡើងខណៈភាពតានតឹងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro បន្ទាប់ពីចំណាត់ការជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកដាក់គោលដៅទៅលើការនាំចេញប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា។ រដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចរបស់លោក Maduro បានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីស្នើច្បាប់នេះនៅក្នុងអំណានដំបូងកាលពីថ្ងៃចន្ទ។

សេចក្តីព្រាងច្បាប់ដែលមានចំណងជើងថា «ច្បាប់ដើម្បីធានាដល់សេរីភាពនៃការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មក្នុងការប្រឈមទៅនឹងចោរសមុទ្រ ការបិទផ្លូវ និងទង្វើខុសច្បាប់អន្តរជាតិផ្សេងទៀត» នឹងដាក់ទោសឲ្យជាប់ពន្ធនាគារពី១៥ ទៅ២០ឆ្នាំ សម្រាប់ពលរដ្ឋវ៉េណេស៊ុយអេឡាដែលត្រូវបានរកឃើញថាកំពុងជំរុញ ឬគាំទ្រការបិទផ្លូវប្រេងរបស់បរទេស រួមជាមួយនឹងការផាកពិន័យលើសពី១លានដុល្លារអាមេរិក។
ច្បាប់ដែលបានស្នើឡើងនេះ ត្រូវបានដាក់ចេញភ្លាមៗបន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក បានរឹបអូសនាវាដឹកប្រេងទីពីរដែលដឹកជញ្ជូនប្រេងឆៅរបស់ប្រទេសវ៉េណេស៊ុយអេឡាកាលពីចុងសប្តាហ៍។
កាលពីថ្ងៃទី១៦ ខែធ្នូ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសពី «ការបិទផ្លូវទាំងស្រុង» ចំពោះនាវាដឹកប្រេងដែលត្រូវបានដាក់ទណ្ឌកម្មពីការចូល ឬចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា។