ក្រុមការងារគណៈកម្មាធិការសម្របសម្រួលខ្មែរក្រោម ដឹកនាំដោយគុណម្ចាស់ព្រះគ្រូយ៉ាន់ ថាត ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការសម្របសម្រួលខ្មែរក្រោម និងជាព្រះចៅអធិការវត្តអង្គតាមិញ រួមជាមួយលេខាធិការដ្ឋាន អង្គការសមាគមខ្មែរក្រោម ដែលមាន ៩ សមាគម ដឹកនាំដោយលោក សឺន យឿង បានចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ១៥០ គ្រួសារ ដែលកំពុងសម្រាកនៅវត្តដងរុន ស្ថិតនៅឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីចែកអំណោយនេះ មានការចូលរួមពីបងប្អូនខ្មែរក្រោម និងព្រះសង្ឃខ្មែរ ដើមកំណើតខ្មែរក្រោម ចំនួន ៩ អង្គ និមន្តមពីវត្តអង្គតាមិញ, វត្តសាមគ្គីរង្សី, វត្តតាំងក្រសាំងខាងជើង, វត្តបុទុមវត្តី និងវត្តនាគវ័ន្ត ព្រមទាំងមានការសម្របសម្រួលពីក្រុមការងាររបស់លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីព្រះចៅអធិការវត្តដងរុន និងលោកមេឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យផងដែរ។
សូមជម្រាបជូនថា អំណោយដែលចែកជូនប្រជាពលរដ្ឋភៀសសឹករួមមាន អង្កមួយតោនកន្លះ, មី ១៥០ កេស, ទឹកត្រី ១៥០ យួរ, ទឹកស៊ីអ៊ីវ ១៥០ យួរ, ថវិកា ១ លាន ៥០ ម៉ឺន រៀល, ពងទា ១០០០ គ្រាប់ និងនំខ្មែរលីលីច ១៥០ កញ្ចប់៕


