រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីអេហ្ស៊ីប លោក Badr Abdelatty កាលពីថ្ងៃអង្គារ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរ បានព្រមព្រៀងគ្នាបន្តពិគ្រោះយោបល់ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ពួកគេក៏បានប្តេជ្ញាសម្របសម្រួលលើបញ្ហាតំបន់ និងអន្តរជាតិ ដើម្បីជួយធានាស្ថិរភាព និងសន្តិសុខ នៅមជ្ឈិមបូព៌ា។

កាលពីដើមខែនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា ប្រទេសរបស់លោក និងអេហ្ស៊ីប បានព្រមព្រៀងគ្នា ធ្វើការពិគ្រោះយោបល់នយោបាយទ្វេភាគីជុំថ្មី នាពេលឆាប់ៗនេះ។
អ៊ីរ៉ង់ និងអេហ្ស៊ីប បានកាត់ផ្តាច់ទំនាក់ទំនងការទូត នៅឆ្នាំ ១៩៨០ បន្ទាប់ពីបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ និងសន្ធិសញ្ញាសន្តិភាពរបស់អេហ្ស៊ីបជាមួយអ៊ីស្រាអែលកាលពីឆ្នាំមុន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភាគីទាំងពីរ បានបង្ហាញឆន្ទៈ ក្នុងការកែលម្អទំនាក់ទំនង៕