អាជ្ញាធរប៉ាឡេស្ទីនកាលពីថ្ងៃអង្គារបានថ្កោលទោសចំពោះការអនុម័តថ្មីៗនូវកន្លែងតាំងទីលំនៅចំនួន ១៩ របស់អ៊ីស្រាអែល នៅក្នុងតំបន់វេសបែង ( West Bank) ដោយចោទប្រកាន់ថា ប្រទេសនេះបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើដែនដីប៉ាឡេស្ទីន។
កាលពីថ្ងៃអាទិត្យ (ទី២១ ខែធ្នូ) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក Bezalel Smotrich បានប្រកាសថា អាជ្ញាធរបានអនុម័តកន្លែងតាំងទីលំនៅទាំងនេះ ដោយនិយាយថា ការសម្រេចនេះ មានគោលបំណងទប់ស្កាត់ការបង្កើតរដ្ឋប៉ាឡេស្ទីន។

ក្រសួងការបរទេសប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា ( Ramallah) បានរិះគន់ការអនុម័តនេះថា ជា «ជំហានដ៏គ្រោះថ្នាក់មួយដែលមានគោលបំណងរឹតបន្តឹងការគ្រប់គ្រងអាណានិគមលើដីប៉ាឡេស្ទីនទាំងមូល» ដោយហៅវាថា ជាការបន្ត «គោលនយោបាយបែងចែក ការតាំងលំនៅឋាន និងការដាក់បញ្ចូលទឹកដីជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែល ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនប៉ាឡេស្ទីន»។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការសម្រេចចិត្តនេះ ផ្តល់នូវការការពារផ្នែក នយោបាយសម្រាប់ការបង្កើនល្បឿនការប្លន់យកដីធ្លីប៉ាឡេស្ទីន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធតាំងទីលំនៅ... រួមជាមួយនឹងល្បឿនកើនឡើងនៃភេរវកម្មរបស់អ្នកតាំងលំនៅឋានប្រឆាំងនឹងសមាជិកនៃប្រជាជនរបស់យើង និងទ្រព្យសម្បត្តិរបស់ពួកគេ»។
ការិយាល័យរបស់លោក Smotrich បានអះអាងថា ការសម្រេចចុងក្រោយបំផុតនេះ បានធ្វើឲ្យចំនួនសរុបនៃកន្លែងតាំងទីលំនៅដែលត្រូវបានអនុម័ត ក្នុងរយៈពេល បីឆ្នាំ កន្លងមកនេះ កើនដល់ ៦៩ កន្លែង៕